ខេត្តកណ្ដាល៖ សោកនាដកម្មដ៏រន្ធត់មួយបានកើតឡើង នៅពេលដែលលំនៅដ្ឋានមួយខ្នង ដែលជាទីពឹងរបស់សមាជិកគ្រួសាររហូតដល់ទៅ ២១នាក់ (ស្រី០៩នាក់) ត្រូវបានអគ្គិភ័យឆេះខ្ទេចខ្ទីអស់ទាំងស្រុង ដោយសារតែបញ្ហាឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍នេែកើតឡើងកាលពីវេលាម៉ោង ១០:០០ ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក អៀង ធារី នាយការិយាល័យបង្ការ ពន្លត់ និងសង្គ្រោះអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អ៊ិត ម៉ក់ (៥៩ឆ្នាំ) និងភរិយាឈ្មោះ ទូច ហន (៧១ឆ្នាំ) មុខរបរលក់បាយដាក់ចានជូនកម្មកររោងចក្រ។

សម្ភារខូចខាតមានដូចជា៖ ផ្ទះឈើទំហំ ១០ម×១០ម ប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង គ្រឿងអលង្ការផ្លាទីន ១ជី, ទូរស័ព្ទស្មាតហ្វូន ០៦គ្រឿង, កុំព្យូទ័រឌីសថប់ ០១គ្រឿង, សម្លៀកបំពាក់, ឯកសារសម្គាល់ខ្លួន និងបាយម្ហូបវេចខ្ចប់រួចរាប់រយមុខដែលត្រៀមលក់ក៏ត្រូវភ្លើងឆេះរោលខូចខាតអស់។

ស្ត្រីជាម្ចាស់ផ្ទះ អ្នកស្រី ទូច ហន បានបំភ្លឺថា ភ្លើងបានចាប់ផ្តើមឆេះចេញពីទីតាំងបារ៉ែតភ្លើងចែកចាយនៅលើផ្ទះ ដោយសារខ្សែភ្លើងចាស់ទ្រុឌទ្រោម បណ្តាលឲ្យឆ្លងចរន្ត និងឆេះរាលដាលយ៉ាងសន្ធោសន្ធៅ។ គួរឲ្យសោកស្តាយដែរ ហេតុការណ៍នេះបណ្តាលឲ្យសមាជិកគ្រួសារម្នាក់ឈ្មោះ អ៊ិត បូរិត (២៦ឆ្នាំ) រងរបួសរលាកស្មាខាងឆ្វេង ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

លោកនាយការិយាល័យបានបញ្ជាក់បន្ថែមថា ដោយសារលំនៅដ្ឋានស្ថិតនៅឆ្ងាយពីផ្លូវជាតិ ១០០ម៉ែត្រ និងផ្លូវតូចចង្អៀត រថយន្តពន្លត់អគ្គិភ័យមិនអាចចូលទៅដល់កន្លែងកើតហេតុបានទេ ទើបកម្លាំងសមត្ថកិច្ចត្រូវប្រើបច្ចេកទេសតទុយយោ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿង និងទឹកអស់ ០២ស៊ីទែន ទើបអាចគ្រប់គ្រងភ្លើងបានទាំងស្រុងនៅវេលាម៉ោង ១១:២០ ព្រឹក ដោយមិនរាលដាលទៅផ្ទះអ្នកជិតខាងឡើយ។




