ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីក្រើនរំឭកជាបន្ទាន់ បន្ទាប់ពីរកឃើញថាមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនកំពុងប្រើប្រាស់រូបភាពក្រដាសប្រាក់រៀល ដើម្បីរចនាក្រាហ្វិក ឬបំប្លែងរូបភាពខុសពីទម្រង់ដើម ដែលអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរនិងតម្លៃជាតិ។

តាមរយៈសេចក្តីប្រកាសជាផ្លូវការ ធនាគារជាតិបានគូសបញ្ជាក់ថា និមិត្តសញ្ញានិងរូបភាពនៅលើក្រដាសប្រាក់រៀល គឺជាការឆ្លុះបញ្ចាំងអំពីឯកភាពជាតិ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ និងមោទនភាពជាតិរបស់ខ្មែរ។ ការបំប្លែងរូបភាព ការសរសេរផាត់ពណ៌ ឬទុកដាក់ក្រដាសប្រាក់មិនត្រឹមត្រូវ ត្រូវបានចាត់ទុកថាជា «ការប្រមាថដល់ប្រទេសនិងប្រជាជាតិកម្ពុជាទាំងមូល»។
អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀត គឺបញ្ហាផ្លូវច្បាប់ធ្ងន់ធ្ងរដែលអាចកើតមាន។ យោងតាមមាត្រា៥៣ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃធនាគារជាតិនៃកម្ពុជា ក្រដាសប្រាក់គឺជាទ្រព្យសម្បត្តិជាតិ ហើយបុគ្គលដែលកាន់កាប់មានកាតព្វកិច្ចថែរក្សាឱ្យបានល្អ។ ការខូចខាតទ្រង់ទ្រាយដើមអាចធ្វើឱ្យក្រដាសប្រាក់បាត់តម្លៃ ឬត្រូវដកហូតពីចរាចរណ៍។
ជាងនេះទៀត មាត្រា៦៥ បានចែងយ៉ាងច្បាស់ថា អ្នកក្លែងបន្លំក្រដាសប្រាក់រៀល ឬរូបិយវត្ថុមានតម្លៃនីត្យានុកូលនៅកម្ពុជា នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី២០ឆ្នាំ រហូតដល់អស់មួយជីវិត។ នេះជាការព្រមានដ៏ធ្ងន់ធ្ងរមួយដល់សាធារណជនទាំងអស់ កុំឱ្យប្រព្រឹត្តសកម្មភាពណាមួយដែលអាចប៉ះពាល់ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរនៃរូបិយវត្ថុជាតិខ្មែរ។
ធនាគារជាតិសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សានិងលើកតម្កើងតម្លៃក្រដាសប្រាក់រៀល ដើម្បីរក្សាបាននូវមោទនភាពជាតិយើងគ្រប់គ្នា៕
ដោយ៖ សិលា
