ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងដោះស្រាយយ៉ាងសកម្មនូវផលប៉ះពាល់អវិជ្ជមានមកលើជីវភាពប្រជាជន ក្នុងអំឡុងវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្នុងសារលិខិតអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ក្រោមប្រធានបទ “ការវិនិយោគភាពធន់សេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព” ចុះថ្ងៃទី១១ ឧសភា ឆ្នាំ២០២៦ សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលយន្តការអនុវត្ត និងលើកលែងលក្ខខណ្ឌកម្មវិធីមួយចំនួន ដើម្បីធានាការបន្តទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គម។
សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលកំពុងរៀបចំកម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារដែលត្រូវបានជម្លៀសចេញពីតំបន់ជម្លោះព្រំដែន ព្រមទាំងពលករ និងកម្មករនិយោជិតដែលរងផលលំបាក។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ឧត្តមប្រយោជន៍គ្រួសារ និងកម្រិតជីវភាពប្រជាជនគ្រប់រូប ដោយមិនប្រកាន់ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយ ដើម្បីរក្សាតុល្យភាពសង្គម និងស្ថិរភាពជាតិ។
ដោយ៖ សិលា
