ខេត្តកំពត៖ រថយន្តធុនធំមួយគ្រឿងដែលដឹកគ្រែ និងសម្ភារៈផ្សេងៗ បានបើកធ្លាក់ផ្លូវចុះទៅក្រោមប្រហែល ៥០ម៉ែត្រ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ខណៈកំពុងធ្វើដំណើរចុះពីលើភ្នំបូកគោ។

បន្ទាប់ពីកើតហេតុ ការយកសពអ្នកបើកបរចេញពីក្នុងរថយន្តមិនអាចធ្វើទៅបានភ្លាមៗទេ ដោយសារតែភ្លៀងធ្លាក់ជោកជាំខ្លាំង ធ្វើឱ្យពិបាកក្នុងការចុះទៅយកសព។ ទោះជាយ៉ាងណា ដោយសារការអន្ទះសារបស់ក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះ ពួកគេបានជួលក្រុមកម្មករជំនាញចុះទៅកាត់ដែករថយន្តដែលគាបជាប់អ្នកបើកបរ។

ទីបំផុត សពត្រូវបានយកចេញមកបាននៅវេលាម៉ោងជិត ៤ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ពោលគឺចំណាយពេលជិត២ថ្ងៃឯណោះ។

ជនរងគ្រោះឈ្មោះ ព្រំ ចាន់ថន ភេទប្រុស អាយុ ៤២ឆ្នាំ ជាអ្នកបើកបររថយន្ត រស់នៅភូមិកោះម៉ាក់ប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ រថយន្តធុនធំដែលជួបគ្រោះថ្នាក់នេះ ពាក់ស្លាកលេខ ភ្នំពេញ 3C-1231។

បច្ចុប្បន្ន សពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះជនរងគ្រោះក្នុងភូមិកោះម៉ាក់ប្រាំង រីឯរថយន្តមួយគ្រឿងខាងលើត្រូវបានទុកចោលនៅកន្លែងកើតហេតុលើភ្នំបូកគោ។

ទាក់ទងនឹងមូលហេតុនៃគ្រោះថ្នាក់នេះ មានការសន្និដ្ឋានខុសៗគ្នា ដោយអ្នកខ្លះថាអាចបណ្ដាលមកពីរថយន្តដាច់ហ្វ្រ័ងក៏មិនដឹង។ គួរបញ្ជាក់ថា អ្នកបើកបរនៅក្នុងរថយន្តនោះមានតែម្នាក់ឯងប៉ុណ្ណោះ។


ដោយ៖ សូរិយា
