រន្ធត់! ម៉ូតូប៉ើងហោះទើរជាប់បង្គោលភ្លើងស្តុប ក្រោយបុក BMW នៅកាណាដា

រន្ធត់! ម៉ូតូប៉ើងហោះទើរជាប់បង្គោលភ្លើងស្តុប ក្រោយបុក BMW នៅកាណាដា

កាណាដា ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងមិននឹកស្មានដល់មួយ បានកើតឡើងនៅទីក្រុង Delta ខេត្ត British Columbia ភាគខាងលិចប្រទេសកាណាដា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ដោយបានធ្វើឱ្យពិភពលោកទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះបើតាមកាសែត The Sun ចេញផ្សាយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

គ្រោះថ្នាក់ចរាចរណ៍កាណាដា

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ ម៉ូតូ១គ្រឿងបានបុកចំពីមុខរថយន្តស៊េរីទំនើប ម៉ាក BMW ពណ៌ទឹកប្រាក់១គ្រឿង ត្រង់ចំណុចផ្លូវបំបែកមួយកន្លែង។ តាមរយៈកម្លាំងនៃការប៉ះទង្គិចដ៏ខ្លាំងបានធ្វើឱ្យម៉ូតូនោះប៉ើងហោះឡើងទៅលើអាកាស ហើយទើរជាប់នឹងបង្គោលភ្លើងស្តុបតែម្តង ដែលមើលទៅប្រៀបដូចជាឈុតឆាកក្នុងខ្សែភាពយន្តសកម្មភាពបែបហូលីវូដតែម្តង។

ម៉ូតូទើរជាប់បង្គោល

ប៉ូលិស និងក្រុមអ្នកពន្លត់អគ្គីភ័យបានប្រញាប់ប្រញាល់ទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបើតាមរបាយការណ៍បានឱ្យដឹងថា អ្នកបើកបរម៉ូតូបានរងរបួសធ្ងន់ ប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតឡើយ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ រីឯអ្នកបើកបររថយន្តវិញ មិនមានរងរបួសអ្វីឡើយ។

ការសង្គ្រោះនៅកន្លែងកើតហេតុ

តាមការស៊ើបអង្កេតបឋមរបស់ប៉ូលិស មូលហេតុចម្បងត្រូវបានគេជឿថា បណ្តាលមកពីការបើកបរក្នុងល្បឿនលឿនខ្លាំងពេក។ សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ថា វាហាក់ដូចជាឈុតឆាកនៅក្នុងខ្សែភាពយន្ត ហើយវីដេអូដែលម៉ូតូប៉ើងហោះទៅទើរជាប់នឹងបង្គោលភ្លើងស្តុបនោះ ក៏ត្រូវបានចែកចាយផ្ទុះកក្រើកបណ្តាញសង្គមពិភពលោកផងដែរ។

ក្រុមសង្គ្រោះនិងប៉ូលិស

នៅក្នុងបេសកកម្មជួយសង្គ្រោះដ៏មិនធម្មតាមួយ សមាជិកក្រុមពន្លត់អគ្គីភ័យបានយកម៉ូតូចេញពីលើបង្គោលចរាចរណ៍ និងសម្អាតកម្ទេចកម្ទីចេញពីផ្លូវ ដោយមានជំនួយពីប៉ូលិសក្នុងការបិទផ្លូវ ដើម្បីសម្រួលដល់ក្រុមការងារពាក់ព័ន្ធទាំងអស់។ នៅក្នុងការបង្ហោះមួយទៅលើគណនីហ្វេសប៊ុក សហជីពអ្នកពន្លត់អគ្គីភ័យបានអះអាងថា គ្រោះថ្នាក់ដូចនេះ គឺពិបាកខ្លាំងសម្រាប់អ្នកគ្រប់គ្នាដែលពាក់ព័ន្ធ ហើយពួកយើងតែងតែស្ថិតនៅជាមួយអ្នកបើកបរ អ្នកដំណើរ មនុស្សជាទីស្រលាញ់របស់ពួកគេ និងអ្នកដែលរងផលប៉ះពាល់ទាំងអស់ដោយហេតុការណ៍ថ្ងៃនេះ៕

administrator

Related Articles