ខេត្តកំពង់ឆ្នាំង៖ លោកស្រី ប៉ាល់ យឿន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានប្រតិបត្តិគណៈកម្មាធិការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំក្រុមការងារចុះប្រគល់ចង្ក្រានសន្សំសំចៃថាមពលចំនួន ៣០១ចង្ក្រាន ជូនដល់ប្រជាពលរដ្ឋជួបការលំបាក និងងាយរងគ្រោះចំនួន ៣០១គ្រួសារ ព្រមទាំងចាស់ជរាគ្មានទីពឹង នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកស្រី ប៉ាល់ យឿន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដ៏កក់ក្ដៅពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ដោយក្ដីនឹករលឹក ស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកមានជីវភាពក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកមានជំងឺរាំរ៉ៃ។

លោកស្រីប្រធានសាខាសមាគមនារី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព ដោយរក្សាអនាម័យ ពិសារទឹកឆ្អិន និងសម្រាកក្នុងមុងជានិច្ច ដើម្បីចៀសវាងជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺរាករួស។ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះកុមារតូច និងមនុស្សចាស់ ដោយសារអាកាសធាតុក្ដៅខ្លាំងអាចប៉ះពាល់ដល់សុខភាព។

គួរបញ្ជាក់ថា ក្រៅពីចង្ក្រានសន្សំសំចៃថាមពល ប្រជាពលរដ្ឋម្នាក់ៗក៏ទទួលបានថវិកាចំនួន ២ម៉ឺនរៀលផងដែរ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តផងដែរ។
ដោយ៖ សំរិត
