ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងសារលិខិតក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ឧសភា ២០២៦ ដោយសម្តែងនូវកតញ្ញូកតវេទិតាធម៌ថ្វាយចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ សម្តេចបានលើកឡើងថា ព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះប្រជារាស្ត្រ ជាពិសេសផ្តល់ការគាំទ្រដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារជនពលីមរណៈ ប្រកបដោយព្រះទ័យព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ។
ក្នុងឱកាសនេះដែរ សម្តេចធិបតីក៏បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្តល់ជំនួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន និវត្តជន ក្រុមគ្រួសារ ជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារយុទ្ធជនពលីមរណៈ ដែលមានជីវភាពលំបាក។ ទឹកចិត្តដ៏សប្បុរសនេះឆ្លុះបញ្ចាំងពីស្មារតីជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ។

សម្តេចធិបតីបានអំពាវនាវរួមមាន៖ ១- អតីតយុទ្ធជន និងនិវត្តជន សូមបន្តរក្សាស្មារតីវីរភាពជាពលរដ្ឋឆ្នើមរបស់ជាតិ។ ២- គ្រប់ក្រសួង ស្ថាប័ន ត្រូវចុះសួរសុខទុក្ខអតីតយុទ្ធជន និងយុទ្ធជននៅតំបន់ព្រំដែន និងកំពុងសម្រាកព្យាបាល។ ៣- ក្រសួងព័ត៌មានត្រូវផ្សព្វផ្សាយសារាចររបស់រាជរដ្ឋាភិបាលឱ្យទូលំទូលាយ។ ៤- ក្រសួងសង្គមកិច្ច ត្រូវបន្តផ្តល់សេវាគាំពារសុខុមាលភាព និងសន្តិសុខសង្គម ព្រមទាំងជំរុញការសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ។ ៥- ក្រសួងរៀបចំដែនដី និងក្រសួងសង្គមកិច្ច ត្រូវជំរុញការផ្តល់សម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ។ ៦- ក្រសួង ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ត្រូវចូលរួមឧបត្ថម្ភគាំទ្រអតីតយុទ្ធជន និងគ្រួសារដែលកំពុងជួបការលំបាក។ ៧- សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវពង្រឹងសកម្មភាព និងជំរុញចលនាប្រឡងប្រណាំង៣ពូកែ ដើម្បីផលប្រយោជន៍ជាតិ៕
