រាជធានីភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយលោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

កិច្ចពិភាក្សានេះផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក និងកិច្ចខិតខំប្រឹងប្រែងធានានូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។
ភាគីទាំងពីរបានស្វាគមន៍ចំពោះការបន្តសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី និងបានអះអាងការប្តេជ្ញាចិត្តជាថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរួមមាន ការពារជាតិ សន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហរដ្ឋអាមេរិកចំពោះការគាំទ្រដំណើរការសន្តិភាពរវាងកម្ពុជា-ថៃ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តបទឈប់បាញ់ពេញលេញ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមពីសារៈសំខាន់នៃការដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕
