ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុក បានបើកប្រតិបត្តិការចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បង្ក្រាបមុខសញ្ញាប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០២ នាក់។

ជនសង្ស័យទី១៖ ឈ្មោះ មឿន វ៉ាត់ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ត្រូវបានឃាត់ខ្លួននៅចំណុចភូមិដូនទ្រី ដោយដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០១ កូនថង់ សង្ស័យជាសារធាតុញៀន និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។ ក្នុងពេលឃាត់ខ្លួន ជនសង្ស័យរូបនេះក៏មានដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅភូមិកូនក្អែក១ ឃុំរបស់មង្គល កាលពីខែសីហា ឆ្នាំ២០២៥ ផងដែរ។
ជនសង្ស័យទី២៖ ឈ្មោះ ម៉ៅ វិចិត្រ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង លើបទចោទប្រកាន់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅភូមិកន្សៃបន្ទាយ ឃុំមោង កាលពីខែមីនា ឆ្នាំ២០២៣។
បច្ចុប្បន្ននេះ ជនសង្ស័យ និងជនត្រូវចោទទាំង ០២ នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុករៀបចំបញ្ជូនទៅផែនជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
(រូបភាព៖ នគរបាលស្រុកមោងឫស្សី)
