រាជធានីភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា និងអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តធ្វើយុទ្ធនាការ «ខ្មែរប្រើរបស់ខ្មែរ» ជាប់រហូតទាល់តែថៃដាក់កន្ទុយរត់ចូលដីខ្លួនវិញ។ លោកបានថ្លែងបែបនេះ ក្រោយពេលរដ្ឋាភិបាលថៃបើកយុទ្ធនាការ «ថៃជួយថៃ» ស្រដៀងគ្នា ខណៈអាជីវករថៃរាប់ម៉ឺននាក់កំពុងរងការខាតបង់យ៉ាងដំណំពីការបិទព្រំដែនជាមួយកម្ពុជា។

ឯកឧត្តមបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១៣ ឧសភា ២០២៦ ថា យុទ្ធនាការ «ខ្មែរប្រើរបស់ខ្មែរ» បានធ្វើឱ្យអ្នករកស៊ីថៃរាប់ម៉ឺននាក់ត្រូវឡុងចុង និងប្រមូលផ្តុំគ្នាជេរបញ្ចោររដ្ឋាភិបាលខ្លួន។ ចំណែកពេលនេះ រដ្ឋាភិបាលថៃបានចាប់ផ្តើមចម្លងពីខ្មែរ ដោយបើកយុទ្ធនាការ «ថៃជួយថៃបន្ថយការតឹងតែងក្នុងការរស់នៅ» ចាប់ពីថ្ងៃទី១៥ ឧសភា ដល់ថ្ងៃទី១៤ មិថុនា ២០២៦។
ទោះជាយ៉ាងណា ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា យុទ្ធនាការ «ខ្មែរប្រើរបស់ខ្មែរ» នឹងបន្តរហូត ទាល់តែសៀមដាក់កន្ទុយរត់ចូលដីខ្លួនវិញ។ លោកក៏បានលើកឡើងពីរូបភាពនាយករដ្ឋមន្ត្រីថៃ Anutin និងរដ្ឋមន្ត្រីពាណិជ្ជកម្ម Suphajee Suthumpun ជិះម៉ូតូដឹកឥវ៉ាន់លក់ចល័តដើម្បីបំផុសឱ្យប្រជាជនថៃបង្កើតរបរតូចតាច កាលពីថ្ងៃទី១១ ឧសភា ឆ្លងតាមកាសែតបាងកកប៉ុស្តិ៍។
