ដោយអនុវត្តតាមការចង្អុលបង្ហាញ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានណែនាំឱ្យអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ បង្កើតកងកម្លាំងអន្តរាគមន៍ពិសេសប្រចាំមូលដ្ឋាន ដើម្បីត្រៀមចុះល្បាត និងអន្តរាគមន៍តាមគោលដៅសំខាន់ៗ និងតំបន់ងាយរងគ្រោះក្នុងភូមិសាស្ត្រខេត្តតាកែវ។

ការណែនាំឱ្យរៀបចំកម្លាំងអន្តរាគមន៍ពិសេសនេះ គឺសំដៅបង្កើនប្រសិទ្ធភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេស លួច ឆក់ ប្លន់ ក្មេងទំនើង និងគ្រឿងញៀន។ កម្លាំងទាំងនេះនឹងល្បាតទាំងយប់ទាំងថ្ងៃតាមទីប្រជុំជន ផ្សារ សាលារៀន និងតំបន់កម្សាន្ត ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

លោកស្នងការខេត្តតាកែវ ក៏បានណែនាំឱ្យអធិការនគរបាលស្រុក-ក្រុងទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើការអនុវត្តតួនាទី ត្រូវមានវត្តមានប្រចាំការ ត្រៀមអន្តរាគមន៍ទាន់ពេលវេលា និងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងពាក់ព័ន្ធ និងប្រជាការពារ។

ការដាក់ចេញវិធានការនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសន្តិសុខ និងភាពកក់ក្តៅ។

