សហរដ្ឋអាមេរិក៖ ការិយាល័យថវិការបស់សភាអាមេរិក (CBO) បានចេញរបាយការណ៍វាយតម្លៃដ៏តក់ស្លុតមួយថា គម្រោងប្រព័ន្ធការពារមីស៊ីលដ៏មានមហិច្ឆតារបស់ប្រធានាធិបតីដូណាល់ ត្រាំ ដែលមានឈ្មោះថា «ដូមមាស» (Golden Dome) អាចត្រូវចំណាយថវិកាខ្ពស់រហូតដល់ ១.២០០ ពាន់លានដុល្លារ ក្នុងរយៈពេល ២០ ឆ្នាំ។

ចំនួនទឹកប្រាក់នេះពិតជាខ្ពស់លើសពីការប៉ាន់ស្មានរបស់សេតវិមានយ៉ាងឆ្ងាយ ដែលធ្លាប់ប៉ាន់ប្រមាណថាមានត្រឹមតែ ១៧៥ ពាន់លានដុល្លារប៉ុណ្ណោះ។ ការវាយតម្លៃថ្មីនេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ ដោយគ្របដណ្តប់លើការចំណាយសម្រាប់ការផលិត ការដាក់ពង្រាយ និងប្រតិបត្តិការនៃប្រព័ន្ធការពារនេះ។

គួររំលឹកថា កាលពីខែឧសភា ឆ្នាំ ២០២៥ លោកត្រាំបានប្រកាសគម្រោងដូមមាសនេះ ដោយយកគំរូតាមប្រព័ន្ធ «ដូមដែក» (Iron Dome) របស់អ៉ីស្រាអែល។ លោកបានប្តេជ្ញាថា ចង់ឱ្យប្រព័ន្ធនេះដំណើរការបានមុនពេលផុតអាណត្តិរបស់លោកនៅឆ្នាំ ២០២៩ ប៉ុន្តែតួលេខចំណាយដ៏ច្រើនសម្បើមនេះកំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងសភាអាមេរិកអំពីលទ្ធភាពនៃការអនុវត្តគម្រោងនេះ។
