ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាជាបន្ទាន់ឱ្យអភិបាលខណ្ឌទាំង១៤ បន្តចុះតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពក្នុងមូលដ្ឋានរបស់ខ្លួន ដោយពង្រឹងការផ្សព្វផ្សាយអនុក្រិត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យបទល្មើស Scam Online និងការអនុវត្តអនុក្រិត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យម្ចាស់បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ត្រូវរាយការណ៍សហការជាមួយអាជ្ញាធរ ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online)។

លោកអភិបាលរាជធានីបានណែនាំដល់អភិបាលខណ្ឌទាំងអស់ ឱ្យដាក់ផែនការច្បាស់លាស់ដល់ក្រុមប្រឹក្សា ចៅសង្កាត់ មេភូមិ មេប៉ុស្តិ៍រដ្ឋបាល អធិការនគរបាលខណ្ឌ និងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ត្រូវចូលរួមសហការពង្រឹងការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដោយយកចិត្តទុកដាក់ជាពិសេសលើការស្រង់ស្ថិតិជនបរទេសមកស្នាក់នៅឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់ដល់ក្រុមការងារ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយធ្វើយ៉ាងណាកុំប៉ះពាល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ឬទារប្រាក់កាក់ពីគេ ក្នុងគោលដៅឈានទៅលុបបំបាត់បទល្មើស Scam Online នៅទូទាំងរាជធានីភ្នំពេញ។


ដោយ៖ សំរិត
