ទីក្រុងប៉េកាំង៖ លោកត្រាំ និងលោកស៊ីជីនពីង ត្រៀមជួបគ្នាកម្រិតកំពូលដើម្បីពិភាក្សាអំពីបញ្ហារសើបជាច្រើន រួមមានបញ្ហាអ៊ីរ៉ង់ ជម្លោះពាណិជ្ជកម្ម និងបញ្ហាកោះតៃវ៉ាន់។ លោកស៊ីនឹងទទួលស្វាគមន៍លោកត្រាំដោយពិធីបដិសណ្ឋារកិច្ចដ៏អធិក មុនពេលចាប់ផ្ដើមកិច្ចពិភាក្សានៅម៉ោង១០ព្រឹក នៅមហាវិមានប្រជាជន។

មេដឹកនាំទាំង២ក៏នឹងចូលរួមពិធីលៀងសាយភោជន៍នៅវិមានដដែលនេះនៅពេលល្ងាច។ លោកត្រាំនឹងទៅទស្សនាប្រាសាទសួគ៌ ជាទីដែលអតីតព្រះចៅអធិរាជចិនសម័យបុរាណតែងយាងមកបួងសួង។ លោកត្រាំបាននាំបុគ្គលសំខាន់ៗខាងធុរកិច្ចអមដំណើរ ដូចជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia និងលោកអ៊ីឡនម៉ាស់ (Elon Musk) ថៅកែក្រុមហ៊ុន Tesla ជាដើម។

លោកត្រាំថ្លែងដោយក្ដីសង្ឃឹមថានឹងស្វាគមន៍គ្នាយ៉ាងរាក់ទាក់ជាមួយលោកស៊ីជីនពីង ដោយលោកជឿជាក់ថាទំនាក់ទំនងផ្ទាល់ខ្លួនរវាងលោកទាំង២មានភាពរឹងមាំ។ លោកចាត់ទុកលោកស៊ីគ្រប់គ្រងប្រទេសដោយកណ្ដាប់ដៃដែក។ របៀបវារៈសំខាន់ៗក៏មានកិច្ចព្រមព្រៀងលើវិស័យកសិកម្ម និងការទិញ-លក់យន្តហោះផងដែរ។

មុនពេលចាកចេញពីវ៉ាស៊ីនតោន លោកត្រាំបានបង្ហោះសារលើបណ្ដាញសង្គម ជំរុញឱ្យលោកស៊ីជីនពីងបើកទូលាយសម្រាប់ក្រុមហ៊ុនអាមេរិក។ ក្រសួងការបរទេសចិនប្រកាសស្វាគមន៍ដំណើរទស្សនកិច្ច និងបញ្ជាក់ថាចិនត្រៀមខ្លួនសហការជាមួយអាមេរិកដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាខ្វែងគំនិតគ្នា។
ប៉ុន្តែប្រទេសចិនដែលលោកត្រាំទៅបំពេញទស្សនកិច្ចលើកនេះខុសគ្នាស្រឡះពីកាលពី៩ឆ្នាំមុន។ បញ្ហាពាណិជ្ជកម្ម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាបញ្ហាមិនទាន់ដោះស្រាយ។ សង្គ្រាមអ៊ីរ៉ង់អាចប៉ះពាល់គោលជំហររបស់លោកត្រាំពេលពិភាក្សាជាមួយលោកស៊ី។ លោកត្រាំសង្ឃឹមថានឹងបានពិភាក្សាពិស្ដារអំពីបញ្ហាអ៊ីរ៉ង់ ដែលជាអ្នកលក់ប្រេងឆៅច្រើនជាងគេទៅឱ្យចិន។

ត្រាំនិយាយយ៉ាងទទូចថាវ៉ាស៊ីនតោនមិនត្រូវការជំនួយពីចិនក្នុងការដោះស្រាយបញ្ហាអ៊ីរ៉ង់ទេ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិកលោករូប៊ីអូថ្លែងដោយក្ដីសង្ឃឹមថានឹងបញ្ចុះបញ្ចូលចិនឱ្យនិយាយជាមួយអ៊ីរ៉ង់ ដើម្បីឱ្យពួកគេងាកចេញពីសកម្មភាពនៅឈូងសមុទ្រពែក្ស៕
ប្រភព៖ Channel News Asia និងប្រភពដទៃទៀត
