ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មយ៉ាងខ្លាំងក្លា និងបដិសេធដាច់ខាតចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃ ដែលបានចុះបញ្ជីប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានផ្សេងទៀតនៅតាមបណ្តោយព្រំដែន ដែលស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ទៅក្នុងបញ្ជីបុរាណស្ថានជាតិរបស់ថៃ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងវប្បធម៌ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានចាត់ទុកសកម្មភាពនេះថាជាការខុសច្បាប់ ទុកជាមោឃៈ និងគ្មានអានុភាពផ្លូវច្បាប់អ្វីឡើយ។ ការចុះបញ្ជីបែបនេះគ្មានមូលដ្ឋានស្របច្បាប់ទេ ហើយមិនអាចយកទៅប្រើជាភស្តុតាងសម្រាប់ការអះអាងអធិបតេយ្យភាពទឹកដី ឬជាឧបករណ៍សម្រាប់កំណត់ព្រំដែនឡើយ។

ក្រសួងបានបញ្ជាក់ថា បញ្ហាអធិបតេយ្យភាព និងការកំណត់ព្រំដែនរវាងកម្ពុជា-ថៃ ត្រូវតែដោះស្រាយដោយគោរពតាមច្បាប់អន្តរជាតិ រួមមានសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MoU 2000) ផែនការមេឆ្នាំ២០០៣ (TOR 2003) និងតាមរយៈគណៈកម្មការចម្រុះព្រំដែន (JBC)។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការចុះបញ្ជីនេះថាជាការប៉ុនប៉ងខុសច្បាប់ក្នុងការបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយលើទីតាំងបេតិកភណ្ឌដែលស្ថិតក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ ទង្វើនេះចាត់ទុកថាជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ហើយបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធី ។

ក្រសួងបានអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឱ្យលុបចោលជាបន្ទាន់នូវការចុះបញ្ជីខុសច្បាប់នេះ និងបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយដោយសន្តិវិធីនូវរាល់បញ្ហាដែលនៅសេសសល់ ដោយគោរពពេញលេញតាមច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលបានបង្កើតឡើង៕
