រាជធានីភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនជាតិចិនចំនួន ៣ នាក់ ពាក់ព័ន្ធនឹងករណីលួចរថយន្ត និងស្លាកលេខរថយន្តចំនួន ៦ ករណីផ្សេងៗគ្នា។

ជនសង្ស័យរួមមាន៖ ១- ឈ្មោះ FEI YIYUAN ភេទប្រុស អាយុ ៤២ ឆ្នាំ, ២- ឈ្មោះ XUE XITAO ភេទប្រុស អាយុ ៣៤ ឆ្នាំ, និង ៣- ឈ្មោះ QIAN XIQIANG ភេទប្រុស អាយុ ៣៤ ឆ្នាំ។ ជនសង្ស័យទាំងបីរូប សុទ្ធតែជាជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅក្នុងអាគារ Baily 2 ផ្លូវសរបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៦ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

សកម្មភាពរបស់ក្រុមជនសង្ស័យមានដូចជា៖
- ករណីទី១៖ លួចរថយន្ត ALPHARD ពណ៌ខ្មៅ ស្លាកលេខ APO.K66 នៅអគារខុនដូរ ONE PRAK កាលពីថ្ងៃទី ០៣ ឧសភា។
- ករណីទី២៖ លួចរថយន្ត LEXUS LM350 ពណ៌ខ្មៅ ស្លាកលេខ H.Z.8998 នៅទីតាំងដដែល កាលពីថ្ងៃទី ០៥ ឧសភា។
- ករណីទី៣៖ លួចរថយន្ត GAC NG8 ពណ៌ស ស្លាកលេខ 2CI-3521 នៅបុរីប៉េងហួត ខណ្ឌច្បារអំពៅ។
- ករណីទី៤៖ លួចស្លាកលេខរថយន្ត 2M-2149 នៅបុរីមង្គល់ថ្មី ខេត្តព្រៃវែង។
- ករណីទី៥៖ លួចស្លាកលេខរថយន្ត 2W-4016 នៅខេត្តកណ្តាល។
- ករណីទី៦៖ លួចស្លាកលេខរថយន្ត 2CH-6300 នៅក្រុងព្រៃវែង។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ រថយន្តម៉ាក PUIR ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2BC-8508 (ជាយានជំនិះប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស) ព្រមទាំងស្លាកលេខរថយន្តចំនួន ១០ សន្លឹក និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់កំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
