ក្រោយពីមានការផ្ទុះឡើងនូវក្តីកង្វល់ និងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទនៅក្នុងស្រុកអង្គរបូរី ពាក់ព័ន្ធនឹងវិធានការរឹតបន្តឹងលើការនេសាទពីសំណាក់រដ្ឋបាលស្រុកថ្មី លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី បានចេញមុខផ្តល់ការបំភ្លឺជាផ្លូវការ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោកអភិបាលស្រុកបានបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តច្បាប់ និងការចុះបង្ក្រាបនាពេលថ្មីៗនេះ គឺមិនមែនធ្វើឡើងក្នុងលក្ខណៈទូទៅដែលប៉ះពាល់ដល់ឆ្នាំងបាយរបស់ពលរដ្ឋស្លូតត្រង់នោះទេ។
គោលដៅចម្បងនៃវិធានការរុះរើ និងបង្ក្រាប គឺធ្វើឡើងតែនៅក្នុង«តំបន់អន្លង់អភិរក្ស»ប៉ុណ្ណោះ ដែលជាកន្លែងច្បាប់ហាមឃាត់ដាច់ខាត ដើម្បីទុកជាជម្រកពងកូន និងថែរក្សាពូជត្រីឱ្យនៅគង់វង្សសម្រាប់អនាគត។ ចំពោះឧបករណ៍នេសាទ ជាពិសេស«សម្រះ»របស់បងប្អូនប្រជាពលរដ្ឋដែលដាក់នៅតាមសណ្តរស្ទឹង ឬទីតាំងដែលមិនមែនជាតំបន់អភិរក្ស អាជ្ញាធរមិនមានគោលការណ៍រុះរើ ឬហាមឃាត់ឡើយ។

លោក កង អាណាន់ បានបង្ហាញពីឆន្ទៈក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងការយោគយល់គ្នា។ លោកបានបង្ហើបថា នៅដើមសប្តាហ៍នេះ លោកនឹងដឹកនាំក្រុមការងារចុះទៅជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជានេសាទតាមខ្នងផ្ទះ និងតាមទីតាំងជាក់ស្តែង ដើម្បីពន្យល់ពីភូមិសាស្ត្រឱ្យពលរដ្ឋបានដឹងច្បាស់ថាកន្លែងណាជាតំបន់អភិរក្សហាមឃាត់ និងកន្លែងណាដែលអាចនេសាទបានតាមលក្ខណៈគ្រួសារ។

ក្នុងនាមជាអភិបាលស្រុកដែលទើបកាន់តំណែងថ្មី លោកបានសង្កត់ធ្ងន់ថា រដ្ឋបាលស្រុកមិនមានបំណងធ្វើឱ្យពលរដ្ឋមានការលំបាកនោះទេ។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ សូមកុំមានការព្រួយបារម្ភហួសហេតុតាមការបំប៉ោងព័ត៌មានមួយចំនួន ហើយត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុងការការពារតំបន់អន្លង់អភិរក្ស ព្រោះវាជាប្រភពចំណូលយូរអង្វែងរបស់សហគមន៍ទាំងមូល។ ការបកស្រាយរបស់លោកអភិបាលស្រុកអង្គរបូរីនៅពេលនេះ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីភាពជាអ្នកដឹកនាំដែលយកចិត្តទុកដាក់លើសុខទុក្ខរបស់រាស្ត្រ។ បញ្ហាចម្រូងចម្រាសកន្លងមក ហាក់ដូចជាកើតចេញពីការខ្វះចន្លោះនៃការប្រាស្រ័យទាក់ទងគ្នា ប៉ុន្តែតាមរយៈការចុះជួបផ្ទាល់នាពេលខាងមុខ គេរំពឹងថាភាពសុខដុមរមនានឹងត្រលប់មកមូលដ្ឋានស្រុកអង្គរបូរីវិញមិនខាន៕
