រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៦នេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ២៧០.២៧៤សេវា ទទួលបានចំណូលសរុប ៤៨.៤៥៨.០៣៩.៤៣០រៀល (ស្មើប្រមាណ ១២.១១៤.៥០៩ដុល្លារ)។

ក្នុងចំណោមវិស័យទាំង១៤ប្រភេទសេវា វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានចំនួនច្រើនជាងគេ ៨៨.៤៣៨សេវា បន្ទាប់មកវិស័យសាធារណការ និងដឹកជញ្ជូន ៨៧.១៩៨សេវា និងតិចជាងគេគឺវិស័យពាណិជ្ជកម្មត្រឹមតែ២សេវាប៉ុណ្ណោះ។
ជាមួយគ្នានេះ អង្គភាពក៏បានជំរុញការផ្តល់សេវាតាមប្រព័ន្ធអនឡាញនៅតាមបណ្តាខេត្តគោលដៅចំនួន១២ ទទួលបានចំណូលប្រមាណ ៥៤.៤៥០.០០០រៀល បន្ថែមទៀត។
គួររំលឹកថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ ដែលអាចស្នើសុំតាមប្រតិបត្តិការជាមួយកម្មវិធីធនាគារបានផងដែរ។ ការធ្វើទំនើបកម្មនេះសំដៅពង្រឹងគុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ។
ជោគជ័យនៃយន្តការច្រកចេញចូលតែមួយ និងការធ្វើទំនើបកម្មសេវាសាធារណៈតាមប្រព័ន្ធឌីជីថលនេះ បានក្លាយជាគំរូដ៏ទាក់ទាញសម្រាប់តំបន់។ ជាក់ស្តែង ប្រទេសទីម័រឡេស្តេ កំពុងដកស្រង់បទពិសោធជាក់ស្តែងពីក្រសួងមហាផ្ទៃកម្ពុជា ដើម្បីយកទៅអនុវត្តក្នុងប្រទេសរបស់ខ្លួនឱ្យមានប្រសិទ្ធភាព៕
