កម្ពុជាឃាត់ខ្លួនជនជាតិថៃចូលដែនដីខុសច្បាប់ សម្របសម្រួលបញ្ជូនតាមយន្តការព្រំដែន

កម្ពុជាឃាត់ខ្លួនជនជាតិថៃចូលដែនដីខុសច្បាប់ សម្របសម្រួលបញ្ជូនតាមយន្តការព្រំដែន

រាជធានីភ្នំពេញ៖ កម្ពុជាបានឃាត់ខ្លួនជនជាតិថៃម្នាក់ បន្ទាប់ពីបុរសរូបនេះបានចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ហើយភាគីទាំងពីរកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែន ដោយឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លួនត្រឡប់ទៅវិញ។

ការឃាត់ខ្លួនជនជាតិថៃ

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនបុរសជនជាតិថៃអាយុ ៥៨ ឆ្នាំ ស្ថិតក្នុងភូមិសាស្ត្រភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ការឃាត់ខ្លួននេះធ្វើឡើងស្របតាមច្បាប់ និងវិធានការការពារសន្តិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ក្រោយកើតហេតុ យោធាភូមិភាគទី២ របស់ថៃ បានទំនាក់ទំនងមកយោធភូមិភាគទី៤ របស់កម្ពុជា ដើម្បីស្នើសុំកិច្ចសហការ។ ភាគីកម្ពុជាបានទទួលយកសំណើនេះដោយសុច្ឆន្ទៈ និងកំពុងពិនិត្យតាមនីតិវិធី ព្រមទាំងយន្តការដែលមានរវាងប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ

ប្រភពពីអាជ្ញាធរកម្ពុជាបានឱ្យដឹងថា បុរសជនជាតិថៃរូបនេះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចកម្ពុជា ដោយមានសុវត្ថិភាព និងទទួលបានការយកចិត្តទុកដាក់។ កម្ពុជាបញ្ជាក់ជាថ្មីថា ការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ គឺជាកាតព្វកិច្ចមិនអាចបន្ធូរបន្ថយបានឡើយ។

ទន្ទឹមនឹងនេះ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវស្មារតីសហប្រតិបត្តិការប្រកបដោយសុច្ឆន្ទៈ និងគោរពគោលការណ៍មនុស្សធម៌ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង។ ប្រសិនបើការពិនិត្យតាមនីតិវិធីត្រូវបានបញ្ចប់ ភាគីកម្ពុជានឹងពិចារណាសម្របសម្រួលបញ្ជូនបុរសរូបនេះត្រឡប់ទៅឱ្យភាគីថៃវិញនៅពេលវេលាសមស្រប។

administrator

Related Articles