អាមេរិក-ចិន៖ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ FOX NEWS កាលពីថ្ងៃទី១៤ ឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា ចិនបានយល់ព្រមបញ្ជាទិញយន្តហោះប៊ូអ៊ីងចំនួន ២០០គ្រឿង។

ទោះបីជាយ៉ាងណា ចំនួនយន្តហោះដែលចិនបញ្ជាទិញនេះ មានតិចជាងការប៉ាន់ប្រមាណរបស់បណ្ដាសារព័ត៌មានដែលថា អាចមានដល់ ៥០០គ្រឿង ឬច្រើនជាងនេះ។ ក្រោយព័ត៌មាននេះចេញផ្សាយ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនប៊ូអ៊ីងបានធ្លាក់ចុះជិត ៥%។

រដ្ឋមន្ត្រីរតនាគារអាមេរិក លោក Scott Bessent បានថ្លែងពីមុនថា លោករង់ចាំការប្រកាសដ៏សំខាន់មួយទាក់ទងនឹងការបញ្ជាទិញយន្តហោះប៊ូអ៊ីង នាឱកាសនៃទស្សនកិច្ចរបស់លោកត្រាំនៅក្រុងប៉េកាំង ជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ លោកត្រាំថ្លែងថា ប៊ូអ៊ីងចង់លក់យន្តហោះឲ្យចិន ១៥០គ្រឿង តែការយល់ព្រមនេះគឺ ២០០គ្រឿង។
ក្នុងជំនួបនេះ លោកត្រាំបានឲ្យដឹងថា លោកស៊ី ជីនពីងបានអះអាងថា ក្រុងប៉េកាំងនឹងមិនបញ្ជូនគ្រឿងឧបករណ៍យោធាដល់អ៊ីរ៉ង់ឡើយ ហើយត្រៀមជួយក្នុងការបើកច្រកសមុទ្រហ័រមូសឡើងវិញ។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ TASNIM រាយការណ៍ថា កងកម្លាំងអ៊ីរ៉ង់បានអនុញ្ញាតឲ្យនាវាចិនឆ្លងកាត់ច្រកសមុទ្រនេះរួចហើយ។

តាមសេតវិមាន លោកស៊ីក៏បានបង្ហាញបំណងចង់ទិញប្រេងអាមេរិកបន្ថែម ដើម្បីកាត់បន្ថយការពឹងផ្អែកលើការដឹកប្រេងកាត់ច្រកសមុទ្រហ័រមូស។ កាលពីថ្ងៃទី១៤ ឧសភា លោកស៊ីបានថ្លែងទៅកាន់លោកត្រាំថា «យើងត្រូវតែជាដៃគូគ្នា មិនមែនជាគូប្រជែងគ្នាឡើយ» និងបានសន្យាថាទ្វារប្រទេសចិននឹងបើកចំហរជានិច្ច។
