សម្តេចធិបតី ណែនាំឆ្លាក់រូបភាពសង្គ្រាមកម្ពុជា-ថៃ នៅវិមានឈ្នះ-ឈ្នះ ទុកជាមរតកប្រវត្តិសាស្ត្រ

សម្តេចធិបតី ណែនាំឆ្លាក់រូបភាពសង្គ្រាមកម្ពុជា-ថៃ នៅវិមានឈ្នះ-ឈ្នះ ទុកជាមរតកប្រវត្តិសាស្ត្រ

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយបានស្នើឱ្យរៀបចំឆ្លាក់រូបភាពនៅលើជញ្ជាំងវិមានឈ្នះ-ឈ្នះ អំពីព្រឹត្តិការណ៍សង្គ្រាមកម្ពុជា-ថៃ ដើម្បីទុកជាមរតកប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេចធិបតីបានមានប្រសាសន៍ថា៖ «ល្ងាចមិញ ខ្ញុំបានជជែកគ្នាជាមួយឯកឧត្តម ទៀ សីហា និងឯកឧត្តម ណឹម សុវត្ថិ សូមឱ្យរៀបចំឆ្លាក់នៃព្រឹត្តិការណ៍សង្គ្រាមការពារអធិបតេយ្យភាព ការឈ្លានពានទឹកដី ឆ្នាំ២០២៥ ដាក់នៅលើវិមានឈ្នះ-ឈ្នះ ព្រោះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់យើង»។

សម្តេចបានបញ្ជាក់ថា ទិដ្ឋភាពចំនួន៣ដែលត្រូវឆ្លាក់នោះមាន៖ ទី១. ទិដ្ឋភាពនៃការឈឺចាប់ពីសង្គ្រាម និងជនភៀសខ្លួន ទី២. ការពលីជីវិតរបស់វីរកងទ័ព វីរនគរបាលជាតិ និងវីរជនកងអាវុធហត្ថ និងទី៣. រូបភាពនៃមហាសាមគ្គីរបស់គ្រួសារខ្មែរទាំងក្នុង និងក្រៅប្រទេស។

វិមានឈ្នះ-ឈ្នះ

សម្តេចធិបតីបានបន្ថែមថា វិមានឈ្នះ-ឈ្នះគឺមិនមែនធ្វើឡើងសម្រាប់តែសម្តេចតេជោ ហ៊ុន សែន នោះទេ តែធ្វើឡើងសម្រាប់យើងទាំងអស់គ្នា ដើម្បីរំលឹកថា កម្ពុជាត្រូវការសន្តិភាព និងប្រជាជនចូលរួមថែរក្សាបូរណភាពទឹកដី។

administrator

Related Articles