ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» ក្រោមប្រធានបទ “រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្ដៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ” នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ១,៣០០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រធានបទដ៏សំខាន់សម្រាប់កម្ពុជាក្នុងការប្រារព្ធពិធីនេះ គឺដើម្បីជំរុញការប្រុងប្រយ័ត្ន និងការយកចិត្តទុកដាក់បន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងបំណងស្វែងយល់ពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ និងភាពតានតឹងផ្លូវចិត្ត ហើយរួមគ្នារៀបចំវិធានការទប់ស្កាត់ឱ្យបានគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមបន្តថា ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន និងសុខភាពមនុស្សទូទាំងពិភពលោក ដែលនាំឱ្យអង្គការ ILO បង្កើតអនុសញ្ញា ១៥៥ និង ១៨៧ ផ្តោតលើសុវត្ថិភាព និងសុខភាពការងារ។ ក្រសួងបាន និងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារ។
ក្នុងនោះ ក្រសួងបានពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ (OSH) នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន តាមរយៈការរៀបចំកម្មវិធីបណ្ដុះបណ្ដាល ការចុះត្រួតពិនិត្យ និងការតាមដានយ៉ាងសកម្ម។ ជាពិសេស ក្នុងស្មារតីបុរេសកម្ម ក្រសួងកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលរួមបញ្ចូលទាំងវិធានការការពារភាពតានតឹងដោយកម្ដៅ និងការលើកកម្ពស់សុខភាពផ្លូវចិត្ត ស្របតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទន្ទឹមនឹងការពង្រឹងយន្តការអនុវត្តច្បាប់ និងការចុះវាយតម្លៃហានិភ័យនៅកន្លែងធ្វើការ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ និងគិតគូរពីសុខភាពផ្លូវចិត្តដល់បងប្អូនកម្មករនិយោជិត មិនមែនជាបន្ទុកចំណាយនោះទេ ប៉ុន្តែគឺជាការវិនិយោគយុទ្ធសាស្ត្រដើម្បីបង្កើនផលិតភាព និងធានានិរន្តរភាពអាជីវកម្ម។

ក្នុងន័យនេះ ក្រសួងនឹងដាក់ឱ្យសាកល្បងនូវប្រព័ន្ធបច្ចេកទេសស្វ័យប្រវត្តិ ដើម្បីតាមដានកម្រិតកម្ដៅ ជាតិពុល ក្លិនស្អុយ ខ្យល់ និងសំណើមនៅតាមរោងចក្រ។ ជាមួយគ្នានេះ យុទ្ធនាការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ និងសុខភាពផ្លូវចិត្ត ក៏កំពុងត្រូវបានជំរុញយ៉ាងសកម្ម។

បន្ថែមលើវិធានការបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យអធិការពេទ្យការងារ បន្តពង្រឹងតួនាទីរបស់ខ្លួនឱ្យបានពេញលេញ ក្នុងការជំរុញឱ្យតាមបណ្តាសហគ្រាស រោងចក្រ រៀបចំប្រព័ន្ធតាមដានកម្ដៅ និងប្រព័ន្ធផ្ដល់ព័ត៌មានរហ័ស ក៏ដូចជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ (OSH) ឱ្យមានប្រសិទ្ធភាព។

ទន្ទឹមនឹងការខិតខំរបស់ក្រសួង សហជីព និងម្ចាស់សហគ្រាស ឯកឧត្តម ហេង សួរ ក៏បានអំពាវនាវដល់បងប្អូនកម្មករនិយោជិត ត្រូវចូលរួមអនុវត្តវិធានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងត្រូវ «ហ៊ាន» រាយការណ៍រាល់សកម្មភាពមិនអនុលោមភាពពាក់ព័ន្ធនឹងសុវត្ថិភាពការងារ តាមរយៈលេខទូរស័ព្ទ Hotline ១២៨៦ ឬស្កែន QR Code បណ្ដឹងអនាមិក។

ជាមួយគ្នានេះ ឯកឧត្តមបានរំលឹកឱ្យគ្រប់រោងចក្រត្រូវប្រាកដថា មានការបង្កើតគណៈកម្មាធិការសុខភាព និងសុវត្ថិភាពការងារ ដើម្បីជាសេនាធិការក្នុងកិច្ចការបង្ការគ្រោះថ្នាក់ផ្សេងៗ។ ឯកឧត្តមរដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា កិច្ចសហការ និងការយកចិត្តទុកដាក់ខ្ពស់លើសុខភាពផ្លូវចិត្ត និងការបង្ការភាពតានតឹងដោយកម្ដៅនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការលើកកម្ពស់គុណភាពជីវិតកម្មករនិយោជិត និងសេដ្ឋកិច្ចជាតិទាំងមូល។

លោក ទុន សុភ័ណ្ឌ មន្ត្រីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ ILO, លោក He Enjia ប្រធានសមាគម TAFTAC និងលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការបង្ការភាពតានតឹងដោយកម្ដៅ និងសុខភាពផ្លូវចិត្ត ព្រមទាំងប្តេជ្ញាបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហានេះរួមគ្នា៕



