ខេត្តប៉ៃលិន ៖ អស់រយៈពេលជាង១ខែមកនេះ កសិករនៅក្រុងប៉ៃលិនកំពុងប្រមូលផលផ្លែត្របែកគីឡូ លក់ឱ្យអតិថិជន និងម៉ូយយកទៅលក់បន្តនៅតាមផ្សារនានា ធ្វើឱ្យពួកគាត់ទទួលបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ មិនសូវព្រួយបារម្ភពីការខ្វះខាតឡើយ។

បើតាមកសិករឈ្មោះ ថា សុផេត ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិស្រែអន្ទាក់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ក្រោយពេលមេឃបង្អុរភ្លៀងជាប់ៗគ្នា ដំណាំត្របែកគីឡូរបស់ខ្លួនបានលូតលាស់ល្អ និងបញ្ចេញផ្កាផ្លែយ៉ាងច្រើន។ លុះដល់ពេលនេះផ្លែត្របែកចាប់ផ្តើមធំល្មមប្រមូលផលលក់ ក៏មានម៉ូយចូលទៅទិញបណ្តើរៗអស់រយៈពេលជាង១ខែមកហើយ ពោលគឺគាត់ចាប់ផ្តើមបេះផ្លែលក់តាំងពីខែមេសាមកម្លេះ រហូតមកដល់ពេលនេះមិនទាន់អស់នៅឡើយទេ។

គាត់បន្តទៀតថា ផ្លែត្របែកគីឡូរបស់គាត់មានចំនួនជាង ១០០០ ដើម ដាំដុះនៅលើផ្ទៃដីប្រមាណជាង ៦ ហិកតា អស់រយៈពេលច្រើនឆ្នាំមកហើយ តែងតែប្រមូលផលលក់ច្រើនដងក្នុង១ឆ្នាំ បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ តែនៅឆ្នាំ២០២៦នេះ ដំណាំត្របែកគីឡូរបស់គាត់ហាក់ដូចជាមានផ្លែច្រើន ទទួលបានទិន្នផលខ្ពស់ជាងសព្វមួយដង ដោយបេះផ្លែបណ្តើរ ចេញផ្កាបណ្តើរ លក់ជាបន្តបន្ទាប់រហូតមកដល់ខែនេះមិនទាន់អស់នៅឡើយទេ។

គាត់បានបញ្ជាក់ទៀតថា ត្របែករបស់ខ្លួនផ្លែធំៗល្អ ដោយផ្លែចំនួន ៣ ទៅ ៤ ផ្លែអាចថ្លឹងបាន ១ គីឡូក្រាម ហើយមានរសជាតិជូរអែម ដែលអ្នកទិញយកទៅទទួលទានតែងតែពោលសរសើរថាជាត្របែកដែលមានរសជាតិឆ្ងាញ់គួរឱ្យចង់ញ៉ាំម្តងហើយម្តងទៀត។ គាត់លក់ក្នុង ១ គីឡូក្រាមតម្លៃត្រឹមតែ ៣០០០ ទៅ ៤០០០ រៀលប៉ុណ្ណោះ តែបើអតិថិជនទិញច្រើនគាត់ក៏បញ្ចុះតម្លៃថែមទៀតផងដែរ។

ម្ចាស់ចំការក៏បានបន្ថែមទៀតថា នៅក្នុងចំការដដែលនេះ គាត់មិនត្រឹមតែដាំដំណាំត្របែកគីឡូប៉ុណ្ណោះទេ គឺគាត់ដាំដំណាំផ្សេងៗមួយចំនួនទៀតដូចជា ស្វាយខ្ទិះ ស្ពឺផ្អែម មង្ឃុត ចេកពងមាន់ និងបន្លែមួយចំនួនផងដែរ។ ការដាំច្រើនប្រភេទបែបនេះ អាចធ្វើឱ្យគាត់ប្រមូលផលលក់ដូរជាបន្តបន្ទាប់ លក់ឱ្យអតិថិជនទិញយកទៅលក់ដូរបន្ត។

គ្រួសាររបស់គាត់ក៏មានការចិញ្ចឹមសត្វមាន់ ទា ជាលក្ខណៈគ្រួសារ សម្រាប់ធ្វើម្ហូបអាហារ និងលក់មួយចំនួនសម្រាប់យកថវិកាទិញម្ហូបអាហារ និងចាយវាយប្រចាំថ្ងៃផងដែរ៕


