លោក ត្រាំ ប្រកាស​ជ័យជម្នះ​ពាណិជ្ជកម្ម៖ ចិនព្រមទិញប្រេង សណ្តែកសៀង និងយន្តហោះ Boeing ២០០គ្រឿង បន្ទាប់ពីជួបលោក ស៊ី នៅប៉េកាំង

លោក ត្រាំ ប្រកាស​ជ័យជម្នះ​ពាណិជ្ជកម្ម៖ ចិនព្រមទិញប្រេង សណ្តែកសៀង និងយន្តហោះ Boeing ២០០គ្រឿង បន្ទាប់ពីជួបលោក ស៊ី នៅប៉េកាំង

ទីក្រុង​ប៉េ​កាំង ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​អះអាង​ថា ប្រទេស​ចិន​បាន​យល់ព្រម​ទិញ​ប្រេង ផលិតផល​កសិកម្ម និង​យន្តហោះ Boeing ២០០​គ្រឿង​ពី​សហរដ្ឋអាមេរិក​។ ការ​អះអាង​នេះ​កើតឡើង ក្រោយ​លោក​បាន​ជួប​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ទៅ​កាន់​ទីក្រុង​ប៉េ​កាំង​។ នេះ​បើ​តាម​ប្រភព​ពី Fox News និង BBC បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៦​។

យន្តហោះ Boeing

លោក ត្រាំ បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Fox News ថា «ប្រទេស​ចិន​បាន​យល់ព្រម​ទិញ​ប្រេង​ពី​សហរដ្ឋអាមេរិក។ បណ្តា​កប៉ាល់​ចិន​នឹង​ចាប់ផ្តើម​ទៅ​កាន់​រដ្ឋ​តិច​សាស់ រដ្ឋ​ល្វី​ស៊ី​អាណា និង​រដ្ឋ​អា​ឡាស​កា។ វា​គឺជា​រឿង​មួយ​ដែល​ពួក​គេ​ពិតជា​ត្រូវការ​ខ្លាំង​ណាស់ គឺ​ថាមពល ខណៈ​យើង​មាន​ថាមពល​គ្មាន​ដែន​កំណត់»។

ប្រធានាធិបតី Trump

ទន្ទឹម​ជាមួយ​គ្នា​នោះ លោក ត្រាំ ក៏​បាន​អះអាង​ទៀត​ថា លោក ស៊ី ក៏​បាន​យល់ព្រម​ទិញ​យន្តហោះ Boeing ចំនួន ២០០ គ្រឿង​។ លោក​ថា ក្រុមហ៊ុន Boeing ដើម​ឡើយ​ចង់បាន​ការ​លក់​ត្រឹម ១៥០ គ្រឿង​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​ពួក​គេ​ទទួល​បានការ​បញ្ជា​ទិញ​រហូត​ដល់ ២០០ គ្រឿង​ឯណោះ។ លោក​បាន​ពិពណ៌នា​ការ​បញ្ជា​ទិញ​នេះ​ថា ការ​ប្តេជ្ញា​ចិត្ត​ដ៏​ធំ​មួយ និង​បង្កើត​ឱកាស​ការងារ​យ៉ាងច្រើន​សម្រាប់​ពលរដ្ឋ​អា​មេ​រិក។

លោក​បន្ត​ថា កិច្ចចរចា​ពាណិជ្ជកម្ម​ដំណើរការ​ល្អ​ជាង​លើក​មុន កិច្ចព្រមព្រៀង​លើក​នេះ គឺ​មាន​ទំហំ​ធំ​ជាង​កិច្ចព្រមព្រៀង​ចំនួន ៣៦ ដែល​បាន​ចុះហត្ថលេខា​ពី​លើក​មុន ហើយ​ប្រទេស​ចិន​នឹង​ទិញ​ផលិតផល​កសិកម្ម​របស់​អា​មេ​រិក​ក្នុង​ចំនួន​ច្រើន ដូច​ជា​សណ្តែកសៀង​ជាដើម។

លើស​ពី​នេះ​ទៀត លោក​បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ចិន​លើក​នេះ ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ដ្បិត​ថ្នាក់ដឹកនាំ​ធុរកិច្ច​កំពូល​អា​មេ​រិក​ដែល​រួម​មាន​លោក Tim Cook មក​ពី​ក្រុមហ៊ុន Apple លោក Jensen Huang មក​ពី​ក្រុមហ៊ុន Nvidia និង​លោក Elon Musk មក​ពី​ក្រុមហ៊ុន Tesla និង SpaceX និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ផ្សេង​ទៀត ដែល​កំពុង​ស្ថិត​នៅ​ទីក្រុង​ប៉េ​កាំង បាន​នាំ​យក​កិច្ចព្រមព្រៀង និង​ការងារ​ជា​ច្រើន​ត្រឡប់​ទៅ​វិញ។

កិច្ចប្រជុំកំពូល

លោក ត្រាំ បាន​ហៅ​អ្នក​ទាំងនោះ​ថា ថ្នាក់ដឹកនាំ​ធុរកិច្ច​ដ៏​ធំ​បំផុត​លើ​ពិភពលោក។ ដោយ​បន្ថែម​ថា «ខ្ញុំ​មិន​បាន​អញ្ជើញ​ពួក​គេ​ទេ។ ពួក​គេ​ទាំងអស់​គ្នា​ចង់​មក ហើយ​ទាំងអស់​គ្នា​ក៏​បាន​មក​ដល់ទី​នេះ ដើម្បី​បង្កើត​កិច្ចព្រមព្រៀង និង​នាំ​យក​ការងារ​ត្រឡប់​ទៅ​វិញ ហើយ​ប្រទេស​ចិន​នឹង​វិនិយោគ​រាប់រយ​ពាន់​លាន​ដុល្លារ​អា​មេ​រិក​ជាមួយ​អ្នក​ទាំងនោះ ដែល​ស្ថិត​នៅ​ក្នុង​បន្ទប់​ប្រជុំ​នៅ​ថ្ងៃនេះ»។

ក្រៅពី​កិច្ចការ​ពាណិជ្ជកម្ម លោក ត្រាំ ក៏​បាន​រំលេច​អំពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ដោយ​បាន​អះអាង​ថា ចិន​មិន​ចង់ឱ្យ​អ៊ី​រ៉​ង់​មាន​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ ហើយ​លោក​ក៏​បាន​ប្រាប់​ទៅ​លោក ស៊ី ថា អា​មេ​រិក​ពិតជា​កំពុង​ជួយ​ចិន តាម​រយៈ​ការ​បើក​ច្រក​សមុទ្រ​ហ័​រ​មូស ឡើង​វិញ និង​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉​ង់។

ត្រង់​ចំណុច​នេះ លោក ត្រាំ បាន​និយាយ​ថា «អ្នក​ដែល​ធ្លាប់​ទិញ​ប្រេង​ច្រើន​ដល់​ថ្នាក់​នោះ ច្បាស់​ណាស់​ថា​នឹង​មាន​ទំនាក់ទំនង​ជាមួយ​ពួក​គេ ប៉ុន្តែ​ខ្ញុំ​រីករាយ​នឹង​ជួយ ប្រសិនបើ​ខ្ញុំ​អាច​ជួយ​អ្វី​បាន​ទាំងអស់»៕

administrator

Related Articles