រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងយ៉ាងច្បាស់ថា ការអនុវត្តកាតព្វកិច្ចយោធា មិនមែនជាបន្ទុកធ្ងន់របស់យុវជននោះទេ ផ្ទុយទៅវិញ វាជាការវិនិយោគដ៏ធំបំផុតក្នុងការបណ្ដុះស្មារតីស្នេហាជាតិ និងបង្កើនមោទនភាពជាតិសម្រាប់យុវជនខ្មែរគ្រប់រូប។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលមហោស្រពកោះពេជ្រ សម្តេចធិបតីបានមានប្រសាសន៍ថា រយៈពេល២៤ខែនៃការហ្វឹកហាត់ក្នុងជួរកងទ័ព នឹងជួយឱ្យយុវជនមានស្មារតីរឹងមាំ និងមានការយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃកិច្ចការពារជាតិ។

សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់យុវជនឱ្យចាត់ទុកឱកាសនេះ ជាការបំពេញតួនាទីដ៏ឧត្តុង្គឧត្តមក្នុងនាមជាកូនប្រុសម្នាក់សម្រាប់មាតុភូមិ។ សូមបញ្ជាក់ថា ក្នុងពិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីសំណាក់អតីតយុទ្ធជន និវត្តជន តំណាងក្រសួង-ស្ថាប័ន និងយុវជន ស.ស.យ.ក. ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ៣,៥០០នាក់ ដើម្បីអបអរសាទរ និងរំលឹកដល់គុណូបការៈរបស់អ្នកដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ។
