ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានចេញមុខព្រមានយ៉ាងខ្លាំងក្លាទៅកាន់សហរដ្ឋអាមេរិក កុំឱ្យប្រើសកម្មភាពយោធាប្រឆាំងនឹងប្រទេសគុយបា ដោយអះអាងថា វានឹងនាំឱ្យមានការបង្ហូរឈាម និងផលវិបាកមិនអាចគណនាបានសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Diaz-Canel បានបង្ហោះលើបណ្តាញសង្គម X ថា៖ «ប្រទេសគុយបាមិនមែនជាការគំរាមកំហែងទេ»។ ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីសារព័ត៌មាន Axios ចេញផ្សាយរបាយការណ៍ដកស្រង់ចារកម្មសម្ងាត់ថា គុយបាទទួលបានដ្រូនយោធាជាង ៣០០គ្រឿង និងពិភាក្សាផែនការវាយប្រហារមូលដ្ឋានកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅឈូងសមុទ្រ Guantanamo។
រដ្ឋាភិបាលគុយបាបានចោទប្រកាន់ត្រឡប់ថា សហរដ្ឋអាមេរិកកំពុងប្រតិដ្ឋករណីនេះ ដើម្បីបង្ហាញភាពត្រឹមត្រូវនៃអន្តរាគមន៍យោធា។ នៅតាមដងផ្លូវទីក្រុង Havana ប្រជាពលរដ្ឋបាននិយាយថា ពួកគេនឹងទប់ទល់នឹងការវាយប្រហារណាមួយ ទោះបីមានការលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក៏ដោយ។ ប្រជាជនគុយបាម្នាក់ឈ្មោះ Ulises Medina ជំរុញឱ្យមានការចរចា និងព្រមានថាគុយបានឹងមិនចុះចាញ់ឡើយ។ គួរបញ្ជាក់ថា គុយបាជាសត្រូវកុម្មុយនីស្តរបស់ទីក្រុងវ៉ាស៊ីនតោនអស់ជាច្រើនជំនាន់ ហើយភាពតានតឹងកាន់តែកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិកកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលក្រោយការចាប់ខ្លួនអតីតប្រធានាធិបតីវ៉េណេស៊ុយអេឡាកាលពីខែមករា។
