រដ្ឋាភិបាលអ៊ីស្រាអែលបានចេញមុខបកស្រាយពីមូលហេតុដែលនាំឱ្យខ្លួនបដិសេធមិនអនុញ្ញាតឱ្យកងនាវា Global Sumud Flotilla ដឹកជំនួយមនុស្សធម៌ឆ្លងកាត់ទៅកាន់តំបន់ហ្គាហ្សា ដោយលើកឡើងពីកង្វល់ផ្នែកសន្តិសុខ ច្បាប់ និងប្រតិបត្តិការ។
យោងតាមសារព័ត៌មាន Al Jazeera និង CNN មានហេតុផលសំខាន់ៗចំនួន ៦ ដែលអ៊ីស្រាអែលហាមឃាត់នាវាដឹកជំនួយទៅកាន់តំបន់ហ្គាហ្សា រួមមាន៖
១. ការរត់ពន្ធអាវុធ៖ អ៊ីស្រាអែលអះអាងថា ការបិទផ្លូវសមុទ្រគឺជាវិធានការសន្តិសុខដ៏សំខាន់ ដើម្បីទប់ស្កាត់ក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀតពីការរត់ពន្ធអាវុធតាមផ្លូវសមុទ្រ។
២. តំបន់ប្រយុទ្ធ៖ ក្រសួងការបរទេសអ៊ីស្រាអែលចាត់ទុកតំបន់សមុទ្រជិតហ្គាហ្សាជាតំបន់ប្រយុទ្ធសកម្ម ដែលនាវាគ្មានការអនុញ្ញាតអាចបង្កហានិភ័យដល់សន្តិសុខអ្នកដំណើរ និងយោធា។
៣. ការបិទផ្លូវស្របច្បាប់៖ អ៊ីស្រាអែលអះអាងថា ការបិទផ្លូវកងទ័ពជើងទឹករបស់ខ្លួនគោរពតាមច្បាប់សមុទ្រអន្តរជាតិ។
៤. បណ្តាញជំនួយ៖ អ៊ីស្រាអែលបញ្ជាក់ថា ការបិទផ្លូវនេះមិនហាមឃាត់ជំនួយមនុស្សធម៌ទេ ប្រសិនបើវាចូលតាមផ្លូវគោកដែលបានបង្កើតឡើង និងត្រួតពិនិត្យ។
៥. ការស្ទាក់ចាប់៖ កងទ័ពជើងទឹកអ៊ីស្រាអែលបានអនុវត្តការស្ទាក់ចាប់ដោយសម្របសម្រួល រួមទាំងការបញ្ឈប់នាវា Global Sumud Flotilla ចំនួន ៥៤ គ្រឿងរួចមកហើយ។
៦. ការឃុំឃាំង និងការនិរទេស៖ យោធាអ៊ីស្រាអែលបានឡើងលើនាវាដែលមិនទទួលបានការអនុម័ត បង្វែរពួកគេទៅកំពង់ផែ Ashdod ឃុំខ្លួនអ្នកដំណើរ និងនិរទេសសកម្មជនអន្តរជាតិ។
ផ្ទុយទៅវិញ អ្នករៀបចំអន្តរជាតិ និងអង្គការសិទ្ធិមនុស្សដែលចូលរួមក្នុងចលនា Global Sumud Flotilla បានចោទប្រកាន់ថា ការបិទផ្លូវនេះគឺជាទម្រង់ខុសច្បាប់នៃការដាក់ទណ្ឌកម្មសមូហភាព ហើយការស្ទាក់ចាប់នាវាស៊ីវិលក្នុងដែនទឹកអន្តរជាតិ រំលោភលើច្បាប់សមុទ្រអន្តរជាតិ។
សម្រួល៖ ណឺ មិនា
