តេហេរ៉ង់៖ ក្នុងបរិបទសង្គ្រាមដ៏ស្វិតស្វាញជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល អ៊ីរ៉ង់បានរៀបចំពិធីមង្គលការរួមគ្នាទ្រង់ទ្រាយធំមួយដែលមិនធ្លាប់មានពីមុនមក ដោយមានគូស្នេហ៍ប្រមាណ ១០០០ គូ បានរួមដៃគ្នារៀបការក្នុងថ្ងៃតែមួយ នៅតាមទីលានធំៗក្នុងរដ្ឋធានីតេហេរ៉ង់។

តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ Mehr បានឲ្យដឹងថា ពិធីនេះត្រូវបានប្រារព្ធឡើងកាលពីយប់ថ្ងៃទី១៨ ខែឧសភា ដែលក្នុងនោះគ្រាន់តែនៅទីលាន Imam Hossein កណ្តាលទីក្រុងតេហេរ៉ង់ មានគូស្នេហ៍ចូលរួមជាង ១០០ គូឯណោះ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺគូស្នេហ៍ទាំងនេះសុទ្ធសឹងជាអ្នកស្ម័គ្រចិត្តដែលបានចុះឈ្មោះក្នុងកម្មវិធី «លះបង់ជីវិតដោយស្ម័គ្រចិត្ត» ឬហៅថា «Janfada» ដោយបានប្ដេជ្ញាចិត្តថា ត្រៀមខ្លួនជាស្រេចក្នុងការលះបង់ជីវិតនៅលើសមរភូមិជួរមុខ។

រូបភាពពីទីភ្នាក់ងារ AFP បានបង្ហាញថា គូស្នេហ៍ទាំងនោះបានធ្វើដំណើរមកដល់ទីលានដោយជិះរថយន្តហ្សីបយោធាដែលបំពាក់កាំភ្លើងយន្ត និងបានរៀបអាពាហ៍ពិពាហ៍នៅលើឆាកក្រោមការដឹកនាំរបស់គ្រូសាសនា។ ហ្វូងមនុស្សយ៉ាងច្រើនកុះករដែលកាន់ផ្កាកុលាប បានចូលរួមអបអរសាទរយ៉ាងកក់ក្ដៅ។

ឆាកនោះត្រូវបានលម្អដោយប៉េងប៉ោង និងរូបភាពដ៏ធំរបស់មេដឹកនាំកំពូល Ayatollah Mojtaba Khamenei ។ គួរបញ្ជាក់ថា រូបភាពពិធីមង្គលការទាំងនេះត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ ក្នុងគោលបំណងលើកកម្ពស់ស្មារតីប្រយុទ្ធ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បន្តគំរាមកំហែងសកម្មភាពយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់។
