ក្រសួងការពារជាតិអាមេរិក កំពុងតែធ្វើបដិវត្តន៍យុទ្ធសាស្ត្រយោធាដ៏ធំមួយ បន្ទាប់ពីទទួលបានមេរៀនស្រួចស្រាល់ពីប្រតិបត្តិការ “Epic Fury” នៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ដែលបង្ហាញថា ឃ្លាំងមីស៊ីលទំនើបរបស់ខ្លួនត្រូវបានប្រើប្រាស់អស់លឿនជាងសមត្ថភាពផលិតឡើងវិញទៅទៀត។
តាមការចុះផ្សាយរបស់គេហទំព័រយោធា National Security Journal នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ មន្ទីរបញ្ចកោណ គ្រោងនឹងបញ្ជាទិញមីស៊ីលគ្រូសតម្លៃថោកចំនួន ១០,០០០ដើម និងមីស៊ីលល្បឿនលឿនជាងសំឡេងចំនួន ១២,០០០ដើម នៅចន្លោះឆ្នាំ ២០២៧ ដល់ ២០២៩។

ចំណុចគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺកម្មវិធីថ្មីឈ្មោះថា «មីស៊ីលតម្លៃថោកដាក់ក្នុងកុងតឺន័រ (Low-Cost Containerized Missile)» ដែលអនុញ្ញាតឱ្យលាក់ និងបាញ់មីស៊ីលចេញពីធុងកុងតឺន័រដឹកទំនិញធម្មតាបាន ទាំងនៅលើគោក និងលើទឹក ធ្វើឱ្យសត្រូវពិបាកបែងចែកថា មួយណាជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងមួយណាជាអាវុធវាយប្រហារ។

អាមេរិកបានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយោធាជំនាន់ថ្មីៗជាច្រើន ដើម្បីផលិតមីស៊ីលគំរូផ្សេងៗដែលមានលក្ខណៈងាយស្រួលផលិត ក្នុងបរិមាណច្រើន និងតម្លៃសមរម្យ។ សូម្បីតែអាវុធយុទ្ធសាស្ត្រល្បឿនលឿនជាងសំឡេង ដែលធ្លាប់មានតម្លៃថ្លៃកប់ពពក ក៏ត្រូវបានជម្រុញឱ្យផលិតក្នុងកម្រិតឧស្សាហកម្មដែរ ដោយមានគោលដៅផលិតឱ្យបានយ៉ាងតិច ៥០០ដើមក្នុងមួយឆ្នាំនៅដំណាក់កាលដំបូង និងឈានទៅដល់ ១២,០០០ដើមក្នុងរយៈពេល៥ឆ្នាំ។

ការផ្លាស់ប្តូរដ៏សំខាន់នេះ បង្ហាញថាអាមេរិកលែងផ្តោតតែលើអាវុធបច្ចេកវិទ្យាខ្ពស់ក្នុងចំនួនតិចតួចទៀតហើយ ប៉ុន្តែបែរមកប្រើល្បិច «យកបរិមាណបង្ក្រាបសត្រូវ» វិញ ដើម្បីឆ្លើយតបទៅនឹងជម្លោះដែលអាចកើតឡើងនៅតំបន់ប៉ាស៊ីហ្វិក ព្រោះសង្គ្រាមនាពេលអនាគត អាចនឹងមិនមែនជាការប្រកួតខាងបច្ចេកវិទ្យាតែមួយមុខទៀតឡើយ ប៉ុន្តែវាជាការប្រកួតថាតើប្រទេសណាមានសមត្ថភាពផលិតអាវុធបានលឿន និងច្រើនជាងគ្នាក្នុងពេលមានអាសន្ន។
