ភ្នំពេញ៖ ក្នុងជំហានថ្មីមួយដែលបង្ហាញពីការគាំទ្រដល់សិទ្ធិស្ត្រីនៅក្នុងកងកម្លាំងប្រដាប់អាវុធ លោកស្រី វរសេនីយ៍ទោ គង់ ធារិទ្ធ ត្រូវបានតែងតាំងជាផ្លូវការឲ្យកាន់តំណែងជា ស្នងការរងនគរបាលខេត្តកណ្តាល ទទួលបន្ទុកផែនការងារសំខាន់ៗ រួមមានការប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន និងការងារយេនឌ័រ។
ការតែងតាំងដ៏មានសារសំខាន់នេះ ធ្វើឡើងក្រោមព្រះរាជបញ្ជារបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដោយមានការសម្របសម្រួលពីអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈអភិបាលខេត្តកណ្តាល។ លោកស្រី គង់ ធារិទ្ធ នឹងសហការជាមួយស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងនាយកដ្ឋានជំនាញពាក់ព័ន្ធនានា ដើម្បីជំរុញការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការពារសិទ្ធិកុមារ និងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងសង្គម។
គួរបញ្ជាក់ថា ការតែងតាំងនេះបានទទួលការគាំទ្រយ៉ាងទូលំទូលាយ ដោយមានការលើកទឹកចិត្តឲ្យផ្តល់តួនាទីបន្ថែមទៀតដល់ស្ត្រីនៅតាមអង្គភាពកងកម្លាំងប្រដាប់អាវុធ ដែលជាសញ្ញាបង្ហាញពីវឌ្ឍនភាពនៃសង្គមខ្មែរ។ ប្រកាសនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
