ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្ពុជា បានបន្តយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយបណ្ដេញជនជាតិចិនចំនួន ៦៤៨នាក់ ក្នុងនោះមានស្ត្រី១៥នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលត្រឹម៣ថ្ងៃប៉ុណ្ណោះ។

ប្រតិបត្តិការនេះ បានធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងដោយមានកិច្ចសហការជាមួយស្ថានទូតចិន ប្រចាំកម្ពុជា។

តាមរបាយការណ៍ ជនជាតិចិនទាំងនេះ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ ស្នាក់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា ហើយត្រូវបានបញ្ជូនចេញតាមយន្តហោះពិសេស។
ក្នុងនោះ មាន៣៣០នាក់ ស្រី៧នាក់ ត្រូវបានបណ្ដេញចេញតាមអាកាសយានដ្ឋានអន្តរជាតិតេជោ និង៣១៨នាក់ ស្រី៨នាក់ ត្រូវបានបណ្ដេញចេញតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

អាជ្ញាធរ បញ្ជាក់ថា ការអនុវត្តវិធានការនេះ គឺជាផ្នែកមួយនៃការបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដោយគ្មានការលើកលែង ពិសេសលើមេខ្លោងដែលនៅពីក្រោយសកម្មភាពខុសច្បាប់ទាំងនេះ។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យចូលរួមក្នុងសកម្មភាព Online Scams និងសម្របសម្រួលឱ្យពួកគេអាចវិលត្រឡប់ទៅប្រទេសដើមវិញដោយសុវត្ថិភាព។
