លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បញ្ជាក់ដែនអាកាសកម្ពុជាគ្រប់គ្រងដោយកូនខ្មែរ១០០% ក្រោយវិបត្តិព្រំដែនជាមួយថៃ

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បញ្ជាក់ដែនអាកាសកម្ពុជាគ្រប់គ្រងដោយកូនខ្មែរ១០០% ក្រោយវិបត្តិព្រំដែនជាមួយថៃ

ភ្នំពេញ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះ ចរាចរណ៍គ្រប់គ្រងដែនអាកាសកម្ពុជា ត្រូវបានគ្រប់គ្រងដោយមន្ត្រីជាកូនខ្មែរទាំងស្រុង បន្ទាប់ពីមានបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។
កិច្ចប្រជុំអាកាសចរណ៍ស៊ីវិល
ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូនៃគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
កិច្ចប្រជុំរដ្ឋសភា
បើតាមការបញ្ជាក់ពីលោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ ចរាចរណ៍គ្រប់គ្រងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវបានគ្រប់គ្រងដោយមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាកូនខ្មែរទាំងស្រុង បន្ទាប់ពីមានបញ្ហាព្រំដែនរវាងកម្ពុជា-ថៃមក»។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា នៅឆ្នាំ២០២៦នេះ កម្ពុជាអាចគ្រប់គ្រងការហោះហើរដែលមានដង់ស៊ីតេខ្ពស់នៅតាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ ដោយកាត់បន្ថយហានិភ័យគ្រោះថ្នាក់។ លោកបន្តថា ការកែទម្រង់សេវាកម្មចរាចរណ៍នាំផ្លូវ និងប្រព័ន្ធគ្រប់គ្រងដែនអាកាសថ្មី (New CNS/ATM) ផ្តល់អំណាចក្នុងការអនុវត្ត៖

១) ការបញ្ជារ និងគ្រប់គ្រងការហោះហើរ (Communication)
២) ការនាំផ្លូវហោះហើរ និងចុះចតតាមផ្កាយរណប (RNAV5, PBN) និងប្រព័ន្ធចាស់ (Conventional) រួមមាន ILS, VOR/DME
៣) ប្រព័ន្ធតាមដានការហោះហើរ (Secondary Radar)
ប្រព័ន្ធគ្រប់គ្រងដែនអាកាសថ្មី
ប្រព័ន្ធគ្រប់គ្រងដែនអាកាសថ្មី ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ជាពិសេសលើផ្នែកសុវត្ថិភាព (Safety) កាត់បន្ថយការចំណាយប្រេង និងចូលរួមចំណែកដល់បរិស្ថានសកល (Environment) ព្រមទាំងធ្វើឲ្យប្រតិបត្តិការហោះហើរមានភាពច្បាស់លាស់ថែមទៀត។
ប្រព័ន្ធទំនើប
លោកបណ្ឌិត បានលើកឡើងថា ការផ្លាស់ប្តូរពីប្រព័ន្ធចាស់ (Conventional) ទៅជាប្រព័ន្ធថ្មី (Modernized CNS/ATM) គឺជាការផ្លាស់ប្តូរពីការប្រើប្រាស់ឧបករណ៍វិទ្យុនៅលើដី ទៅជាបច្ចេកវិទ្យាឌីជីថល និងផ្កាយរណប។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កំពុងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ AIM (Aeronautical Information Management) ដែលជាការវិវត្តន៍ពីប្រព័ន្ធ AIS (Aeronautical Information Service) ប្រើប្រាស់ក្រដាស ទៅជាប្រព័ន្ធឌីជីថលទាំងស្រុង។

គោលបំណងចម្បងរបស់ AIM គឺផ្តល់ព័ត៌មានអាកាសចរណ៍ត្រឹមត្រូវ ជឿទុកចិត្តបាន និងទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃលំហូរចរាចរណ៍ផ្លូវអាកាសសកល៕

ដោយ៖ តារា

administrator

Related Articles