ចាប់តាំងពីសង្រ្គាមនៅអ៊ីរ៉ង់ផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលជាអ្នកផ្តើមសង្រ្គាម បានវាយប្រហារទីក្រុងតេហេរ៉ង់មិនដកដៃ ប៉ុន្តែទោះសង្រ្គាមជាង២ខែនៅតែបន្ត សហរដ្ឋអាមេរិកនៅតែអំពាវនាវម្តងហើយម្តងទៀតដល់សម្ពន្ធមិត្តឱ្យជួយជាកម្លាំងយោធាវាយអ៊ីរ៉ង់ គឺកាន់តែគ្មានសម្ព័ន្ធមិត្តណាហ៊ានជួយតាមចិត្តរបស់លោកត្រាំនោះទេ ជាពិសេសគឺណាតូ។ តាំងពីពេលនោះមក រដ្ឋបាលលោកត្រាំតែងតែងដាក់សម្ពាធផ្សេងៗដល់អឺរ៉ុបឥតឈប់។
រដ្ឋបាលរបស់ប្រធានាធិបតីត្រាំកំពុងមានគម្រោងប្រាប់សម្ព័ន្ធមិត្តណាតូនៅសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោននឹងកាត់បន្ថយសមត្ថភាពយោធាដែលសហរដ្ឋអាមេរិកធ្លាប់មាន ចំពេលពិភពលោកកំពុងតានតឹង តែក៏អាចអំពាវនាវឱ្យយោធាគាំទ្រសម្ព័ន្ធមិត្ត ប្រសិនបើអឺរ៉ុបប្រឈមមុខនឹងគ្រាអាសន្នទ្រង់ទ្រាយធំ ឬជម្លោះប្រដាប់អាវុធ។

យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចុះផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមក្របខ័ណ្ឌមួយគំរូកម្លាំងណាតូ ប្រទេសសមាជិកសម្ព័ន្ធមិត្តកំណត់អត្តសញ្ញាណកម្លាំងដែលអាចប្រើបាន នឹងធ្វើសកម្មភាពអំឡុងជម្លោះ ឬវិបត្តិធំៗផ្សេងទៀត ដូចជាការវាយប្រហារយោធាលើសមាជិកណាតូណាម្នាក់។
ខណៈសមាសភាពពិតប្រាកដនៃកងកម្លាំងសម័យសង្គ្រាមទាំងនោះ គឺជារឿងអាថ៌កំបាំងត្រូវការពារយ៉ាងជិតស្និទ្ធ។ មន្ទីរបញ្ចកោណបានសម្រេចចិត្តកាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងច្រើន។ នេះបើយោងតាមប្រភពមិនបញ្ចេញឈ្មោះប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា លោករំពឹងថាប្រទេសនៅអឺរ៉ុបនឹងទទួលយកការទទួលខុសត្រូវចម្បងសម្រាប់សន្តិសុខទ្វីបនេះពីសហរដ្ឋអាមេរិក។ សារទៅកាន់សម្ព័ន្ធមិត្តនៅសប្តាហ៍នេះគឺជាសញ្ញាជាក់ស្តែងនៃគោលនយោបាយមួយកំពុងអនុវត្ត។
យ៉ាងណា ព័ត៌មានលម្អិតជាច្រើនមិនច្បាស់ទេ ថាតើមន្ទីរបញ្ចកោណមានគម្រោងផ្លាស់ប្តូរការទទួលខុសត្រូវក្នុងស្ថានភាពវិបត្តិលើសម្ព័ន្ធមិត្តអឺរ៉ុបយ៉ាងឆាប់រហ័សប៉ុណ្ណា។ មិនតែប៉ុណ្ណោះ ប្រភពទាំងនោះនិយាយថា មន្ទីរបញ្ចកោណមានគម្រោងប្រកាសពីចេតនារបស់ខ្លួនក្នុងការកាត់បន្ថយការប្តេជ្ញាចិត្តក្នុងកិច្ចប្រជុំប្រធានគោលនយោបាយការពារជាតិនាថ្ងៃសុក្រ នៅទីក្រុងព្រុចសែល។

លោក Elbridge Colby ប្រធានគោលនយោបាយរបស់មន្ទីរបញ្ចកោណ លើកឡើងជាសាធារណៈថា សហរដ្ឋអាមេរិកនឹងបន្តប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីការពារសមាជិកណាតូ ទោះបីជាសម្ព័ន្ធមិត្តអឺរ៉ុបនាំមុខលើកងកម្លាំងទូទៅក៏ដោយ។
