សហរដ្ឋអាមេរិក និងហ្វីលីពីន កំពុងរៀបចំសាងសង់មជ្ឈមណ្ឌលឧស្សាហកម្មយុទ្ធសាស្ត្រទំហំ ១,៦២០ ហិចតា នៅកោះលូហ្ស៊ន ដើម្បីពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសំខាន់ៗ ជាពិសេសបញ្ញាសិប្បនិម្មិត (AI) និងបន្ទះឈីប។

គម្រោងយុទ្ធសាស្ត្រនេះ ត្រូវបានប្រកាសក្នុងសេចក្ដីថ្លែងការណ៍ផ្លូវការរបស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រកន្លងទៅ ដោយមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រទេសគូប្រជែង និងពង្រឹងសន្តិសុខបច្ចេកវិទ្យា។
ហ្វីលីពីនបានក្លាយជាប្រទេសទី១៣ ដែលចូលរួមកម្មវិធី “Pax Silica” ដែលជាគំនិតផ្តួចផ្តើមដើម្បីការពារខ្សែច្រវ៉ាក់ផ្គត់ផ្គង់បច្ចេកវិទ្យាពេញលេញ រួមទាំងរ៉ែសំខាន់ៗ ផលិតកម្មទំនើប និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ។

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា៖ «សម្ព័ន្ធមិត្តទាំងពីរប្តេជ្ញាពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់រួមគ្នាក្នុងវិស័យរ៉ែសំខាន់ៗ បន្ទះឈីប គ្រឿងអេឡិចត្រូនិក និងទំនិញផ្សេងៗទៀត»។
មជ្ឈមណ្ឌលឧស្សាហកម្មថ្មីនេះ នឹងស្ថិតនៅក្នុងច្រករបៀងសេដ្ឋកិច្ចកោះលូហ្ស៊ន ដែលជាតំបន់យុទ្ធសាស្ត្រសម្រាប់សកម្មភាពសេដ្ឋកិច្ច រួមមានទីក្រុងម៉ានីល និងតំបន់ឧស្សាហកម្មជិតខាង។ ហ្វីលីពីន ជប៉ុន និងអាមេរិក បានប្តេជ្ញាបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នេះ។

កិច្ចសហប្រតិបត្តិការនេះ កើតឡើងក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូនៀ ដែលបានពង្រឹងទំនាក់ទំនងជាមួយអាមេរិក ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន ជាពិសេសនៅសមុទ្រចិនខាងត្បូង។
ប្រទេសដៃគូផ្សេងទៀតក្នុងគម្រោងនេះ រួមមាន អូស្ត្រាលី ហ្វាំងឡង់ ឥណ្ឌា កាតា កូរ៉េខាងត្បូង និងសិង្ហបុរី។
