អគ្គិភ័យឆេះផ្ទះនៅឧត្ដរមានជ័យ បណ្ដាលឱ្យស្លាប់១នាក់ ខូចខាតផ្ទះ៣ខ្នង

អគ្គិភ័យឆេះផ្ទះនៅឧត្ដរមានជ័យ បណ្ដាលឱ្យស្លាប់១នាក់ ខូចខាតផ្ទះ៣ខ្នង

ឧត្ដរមានជ័យ – គ្រោះថ្នាក់អគ្គិភ័យដ៏ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី១៦ មេសា ២០២៦ នៅភូមិអូរចិញ្ចៀន ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដោយបណ្ដាលឱ្យមានមនុស្សស្លាប់១នាក់ និងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ៣ខ្នងឆេះខូចខាតទាំងស្រុង។

អគ្គិភ័យឆេះផ្ទះនៅឧត្ដរមានជ័យ

គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង ០៤:៣០នាទីព្រឹក នៅពេលទៀបភ្លឺ។ សមត្ថកិច្ចបានបញ្ជាក់ថា អ្នកស្លាប់មានឈ្មោះ កាវ ស៊ូហេង ភេទស្រី អាយុ៤៥ឆ្នាំ។

ផ្ទះទី១ដែលជាប្រភពនៃអគ្គិភ័យ ជាកម្មសិទ្ធិរបស់លោក កាវ លីឃុន (៧២ឆ្នាំ) និងភរិយា គីម ញ៉រ (៧០ឆ្នាំ)។ ផ្ទះនេះមានទំហំ ១៦ម៉ែត្រ x ៨០ម៉ែត្រ សាងសង់អំពីថ្មប្រក់ក្បឿង។

ផ្ទះដែលឆេះខូចខាត

ផ្ទះទី២ជាកម្មសិទ្ធិរបស់លោក សុន ចាន់កា (៣៥ឆ្នាំ) និងភរិយា ហ៊ួ គីមហ័រ (២៨ឆ្នាំ) មានទំហំ ៧ម៉ែត្រ x ៨០ម៉ែត្រ សាងសង់ពីឈើលើថ្មក្រោម ដំបូលប្រក់ក្បឿងលាយស័ង្កសី។

ផ្ទះទី៣ជាកម្មសិទ្ធិរបស់លោក យន់ សារឹម (៥៥ឆ្នាំ) និងភរិយា ញ៉ែម ណារស់ (៤៨ឆ្នាំ) មានទំហំ ៨ម៉ែត្រ x ៨០ម៉ែត្រ។

កម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យបណ្ដាលមកពីទុស្សខ្សែភ្លើងក្នុងផ្ទះទី១។

បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានដឹកនាំកម្លាំងចេញរថយន្តពន្លត់អគ្គិភ័យ៤គ្រឿងទៅកន្លែងកើតហេតុ។ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន១៨រថយន្ត និងរឺម៉កដឹកទឹក៥គ្រឿង ដើម្បីពន្លត់អគ្គិភ័យ។

អគ្គិភ័យឆេះផ្ទះនៅឧត្ដរមានជ័យ

អគ្គិភ័យត្រូវបានពន្លត់ឱ្យរលត់ទាំងស្រុងនៅម៉ោង ០៧:៤០នាទីព្រឹក។

កន្លែងកើតហេតុអគ្គិភ័យ

សមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ថែមពីគ្រោះថ្នាក់នេះ និងរៀបចំជំនួយដល់គ្រួសារដែលទទួលរងគ្រោះថ្នាក់។

administrator

Related Articles