ជនសង្ស័យ៥នាក់ត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀង ពាក់ព័ន្ធនឹងបទលួច អាវុធខុសច្បាប់ និងគ្រឿងញៀន

ជនសង្ស័យ៥នាក់ត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀង ពាក់ព័ន្ធនឹងបទលួច អាវុធខុសច្បាប់ និងគ្រឿងញៀន

ខេត្តស្វាយរៀង៖ ជនសង្ស័យចំនួន៥នាក់ត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀងបណ្ដោះអាសន្ន ដោយសារពាក់ព័ន្ធនឹងបទលួច សមគំនិត ទទួលផលចោរកម្ម កាន់កាប់អាវុធខុសច្បាប់ និងការប្រើប្រាស់សារធាតុញៀន។ ព័ត៌មាននេះត្រូវបានប្រកាសដោយនគរបាលខេត្តស្វាយរៀងនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។

ជនសង្ស័យត្រូវបានចាប់ខ្លួន

នគរបាលខេត្តស្វាយរៀងបានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់មានឈ្មោះដូចខាងក្រោម៖

១. ជីម វីរ៉ា (ហៅអាទូ) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត (មុខសញ្ញាលួចសកម្ម)

២. ផេង កំសត់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត (មុខសញ្ញាលួចសកម្ម)

វត្ថុតាងពីកន្លែងចាប់ខ្លួន

៣. ណន សីហា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងព្រីង ឃុំអង្គព្រះស្រែ ស្រុករមាសហែក

៤. ស៊ីន សុភ័ក្ដ្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រាំកក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ

៥. ខាន់ ស៊ីនីន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត (មុខសញ្ញាបង្កអុកឡុកក្នុងមូលដ្ឋាន និងជាមុខសញ្ញាលួច)

អាវុធដែលត្រូវបានរឹបអូស

ប្រភពព័ត៌មានបានបញ្ជាក់ថា ការចាប់ខ្លួនចាប់ផ្ដើមពីការប្ដឹងពីជនរងគ្រោះម្នាក់ ដែលជាបុគ្គលិកសណ្ឋាគារ ដែលបានឃើញក្រុមជនសង្ស័យព្យាយាមលួចម៉ូតូនៅតំបន់បាវិតកណ្តាល។ ប្រជាពលរដ្ឋបានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈជនសង្ស័យពីរនាក់ទៀតបានគេចខ្លួន។

កន្លែងចាប់ខ្លួនជនសង្ស័យ

ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានចុះទៅកន្លែង ហើយឃើញជនសង្ស័យម្នាក់ក្នុងសភាពរងរបួស ដោយត្រូវប្រជាពលរដ្ឋវាយចាប់ចង។ ជនសង្ស័យនេះបានសារភាពថា ខ្លួននិងបក្សពួកបានធ្វើសកម្មភាពលួចម៉ូតូក្នុងតំបន់ ហើយកន្លងមកធ្លាប់ធ្វើសកម្មភាពស្រដៀងគ្នានៅវៀតណាមច្រើនដង។

វត្ថុតាងបទល្មើស

កម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យទៅកន្លែងស្នាក់នៅរបស់ពួកគេ ដែលស្ថិតក្នុងរោងស្នាក់នៅកម្មករសំណង់ក្នុងបរិវេណក្រុមហ៊ុនអេអាយ។ ជនសង្ស័យចំនួន៤នាក់ទៀតត្រូវបានចាប់ខ្លួនបន្ថែម រួមជាមួយវត្ថុតាងជាច្រើនរួមមាន៖ ម៉ូតូ៨គ្រឿង ដាវសាមូរ៉ៃ២ដើម ដែកអក្សរ T និង L ដង្កាប់១ ទួណាវីស១ កាំបិតចាក់ច្នៃ១ និងទូរស័ព្ទដៃ៥គ្រឿង។

ជនសង្ស័យត្រូវបានឃុំខ្លួន

តេស្តសារធាតុញៀនបានបង្ហាញលទ្ធផលវិជ្ជមានសម្រាប់ជនសង្ស័យទាំង៥នាក់។ បច្ចុប្បន្ន ជនសង្ស័យទាំងនេះត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀង ខណៈសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវរកបក្សពួកផ្សេងទៀត។

ដោយ៖ សុថាន

administrator

Related Articles