ព្រៃវែង៖ ករណីរំលោភបូកដ៏គួរឱ្យស្តាយកើតឡើងនៅក្នុងខេត្តព្រៃវែង នៅពេលដែលក្មេងស្រីម្នាក់អាយុ១៤ឆ្នាំត្រូវបានយុវជន២នាក់បោកបញ្ឆោតឱ្យឡើងជិះម៉ូតូ ហើយចាប់យកទៅរំលោភក្នុងព្រៃស្ងាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧:៥០នាទីយប់ថ្ងៃទី១៥មេសា ដែលជាថ្ងៃចូលឆ្នាំទី២ នៅក្នុងព្រៃខាងលិចភូមិព្រៃតាព្រំ ឃុំព្រាល ស្រុកកញ្ជ្រៀច។ យុវតីរងគ្រោះបានដើរទៅលេងកម្មវិធីចូលឆ្នាំក្នុងភូមិ ហើយកំពុងដើរត្រឡប់មកផ្ទះតែម្នាក់ឯងនៅពេលយប់ងងឹត។

យុវជនជាជនសង្ស័យទាំង២នាក់ គឺរុន ភារិទ្ធ និង ឡុប ស៊ីណែត អាយុ១៨ឆ្នាំទាំងពីរ បានជិះម៉ូតូមកជួប ហើយហៅឱ្យក្មេងស្រីឡើងជិះម៉ូតូដោយសន្យាថានឹងជូនទៅផ្ទះ។ ដោយគិតថាជាអ្នកស្គាល់គ្នាពីភូមិជិតខាង នាងក៏ជឿជាក់ហើយឡើងជិះ។
ទោះជាយ៉ាងណា ពេលដល់ខាងលិចភូមិ យុវជនទាំងពីរបានជិះម៉ូតូចូលទៅក្នុងព្រៃ ហើយធ្វើសកម្មភាពចាប់ក្មេងស្រីរំលោភបូករហូតបានសម្រេចទាំងពីរនាក់។ ក្រោយពីប្រព្រឹត្តអំពើរួច ពួកគេបានដឹកនាងមកទំលាក់ក្បែរផ្ទះ រួចជិះម៉ូតូរត់គេចខ្លួន។
ពេលមកដល់ផ្ទះ ក្មេងស្រីបានរៀបរាប់ប្រាប់ឪពុកម្តាយ ដែលធ្វើឱ្យគ្រួសារផ្អើលខ្លាំង ហើយបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។ សមត្ថកិច្ចបានចាត់ការយ៉ាងរហ័ស ហើយអាចចាប់ឃាត់ខ្លួនយុវជនទាំងពីរនាក់បាននៅយប់ថ្ងៃដដែលនោះតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ខណៈសមត្ថកិច្ចកំពុងកសាងសំណុំរឿង និងរៀបចំដាក់ពាក្យបណ្តឹងទៅតុលាការតាមនីតិវិធីច្បាប់។
