ទីក្រុងញូយ៉ក៖ ប្រេងឆៅបានធ្លាក់ថ្លៃយ៉ាងខ្លាំងជាង១០%ក្នុងរយៈពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់ប្រកាសបើកច្រកសមុទ្រហ័រម៉ូសឡើងវិញយ៉ាងពេញលេញ។ ដំណឹងនេះបានបណ្តាលឱ្យទីផ្សារថាមពលឆ្លើយតបភ្លាមៗ។

លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបង្ហោះសារនៅលើបណ្តាញសង្គមថា ច្រកសមុទ្រហ័រម៉ូសបានបើកដំណើរការពេញលេញឡើងវិញស្របតាមកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអាមេរិក។ ការប្រកាសនេះបានធ្វើឱ្យតម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងឆាប់រហ័ស។
ប្រេងឆៅតាមហាងឆេងអាមេរិក (West Texas) បានធ្លាក់ថ្លៃជាង១២% ដោយលក់ចេញតម្លៃ៨២ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯប្រេងឆៅតាមហាងឆេងអឺរ៉ុប (Brend) ក៏ធ្លាក់ថ្លៃ១០% ដោយលក់ចេញតម្លៃ៨៨ដុល្លារក្នុងមួយបារ៉ែលដែរ។

លោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកបានប្រកាសគាំទ្រការបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ ប៉ុន្តែបញ្ជាក់ថាអាមេរិកនឹងបន្តបិទខ្ទប់កំពង់ផែអ៊ីរ៉ង់រហូតដល់ភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងពេញលេញ។
លោកត្រាំបានថ្លែងបន្ថែមថា៖ “លក្ខខណ្ឌភាគច្រើនត្រូវបានលើកយកមកចរចារួចហើយ ហើយយើងសង្ឃឹមថានឹងទទួលបានលទ្ធផលឆាប់ៗបំផុត។”

ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីប្រកាសលម្អិតអំពីលទ្ធផលនៃកិច្ចចរចានៅឡើយទេ។ អ្នកជំនាញកំពុងតាមដានស្ថានភាពដើម្បីវាយតម្លៃល្បឿននិងបរិមាណប្រេងដែលដឹកកាត់តាមច្រកសមុទ្រហ័រម៉ូស។
ទីផ្សារប្រេងឆៅរំពឹងថាត្រឹមចុងខែមេសានេះ ភាគីទាំងពីរនឹងរកឃើញដំណោះស្រាយដើម្បីបញ្ចប់ជម្លោះ។ ក្រុមអ្នកជួញដូរប្រេងឆៅត្រូវបន្តតាមដានព័ត៌មាននិងការវិវត្តនៃតម្លៃប្រេងជាបន្តបន្ទាប់។
ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និងប្រភពដទៃទៀត
