ខេត្តកំពត៖ ខេត្តកំពតបានទទួលភ្ញៀវទេសចរចំនួនជាង ៤៣ម៉ឺននាក់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបង្ហាញពីសក្ដានុពលទេសចរណ៍ដ៏រីកចម្រើននៃខេត្តដែលស្ថិតនៅតំបន់ឆ្នេរសមុទ្រ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ក្រោមការដឹកនាំរបស់ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត វិស័យទេសចរណ៍ត្រូវបានអភិវឌ្ឍយ៉ាងខ្លាំង ធ្វើឱ្យខេត្តកំពតកាន់តែទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។
តួលេខផ្លូវការបង្ហាញថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ ខេត្តកំពតទទួលទេសចរចំនួន ៤៣២,៨១៦នាក់ ដែលក្នុងនោះមានទេសចរជាតិ ៤៣០,៤២៦នាក់ និងទេសចរអន្តរជាតិ ២,៣៩០នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្នុងចំនួនទេសចរទាំងនេះ មានចំនួន ១៤៦,៧៨៦នាក់បានទស្សនាតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ផ្សេងៗ ចំណែកឯអ្នកចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តមានចំនួន ២៨៦,០៣០នាក់។
ស្ថានភាពទូទៅនៅតាមកន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍ និងសេវាស្នាក់នៅមានភាពល្អប្រសើរ ដោយគ្មានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់។ តម្លៃសេវាកម្មក៏ស្ថិតនៅក្នុងកម្រិតសមរម្យ និងគ្មានការតម្លើងថ្លៃហួសហេតុ។

លោកបានបន្តថា ការធ្វើដំណើរក៏មានភាពរលូន ដោយស្នងការដ្ឋាននគរបាលខេត្តកំពតបានរៀបចំកម្លាំងសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះបានយ៉ាងមានប្រសិទ្ធភាព។

សមិទ្ធផលនេះបង្ហាញពីភាពទាក់ទាញនៃខេត្តកំពតជាគោលដៅទេសចរណ៍សំខាន់មួយក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងឱកាសបុណ្យទានធំៗ និងថ្ងៃឈប់សម្រាក។

ខេត្តកំពតនៅតែជាជម្រកសម្រាកលំហែដ៏ពេញនិយមសម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ដោយមានរមណីយដ្ឋានសមុទ្រដ៏ស្រស់ស្អាត វប្បធម៌ដ៏រស់រវើក និងសេវាកម្មគ្រប់គ្រងដោយគុណភាព។




ដោយ៖ តារា
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្ត
