រ៉ង់ហ្គូន៖ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបន្ធូរបន្ថយទោសដល់លោកស្រីអង់សានស៊ូជី ដែលជាអតីតអ្នកដឹកនាំប្រជាធិបតេយ្យដ៏ល្បីល្បាញនៅក្នុងប្រទេសនេះ។ ការបន្ធូរបន្ថយទោសនេះធ្វើឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនមីយ៉ាន់ម៉ា។

លោកស្រីស៊ូជី ដែលមានវ័យ៨០ឆ្នាំ កំពុងអនុវត្តទោសរយៈពេល២៧ឆ្នាំពីបទញុះញង់ ប្រព្រឹត្តអំពើពុករលួយ បន្លំសន្លឹកឆ្នោត និងបទល្មើសផ្សេងៗទៀត។ តាមការបញ្ជាក់ពីមេធាវីរបស់លោកស្រី ចំនួនទោសត្រូវបានកាត់បន្ថយ១/៦ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថាតើលោកស្រីនឹងទទួលបានការអនុញ្ញាតឱ្យអនុវត្តទោសនៅក្នុងផ្ទះរបស់លោកស្រីដែរឬទេ។
លោកស្រីស៊ូជីបានបាត់មុខពីសាធារណជនជារៀងរហូតចាប់តាំងពីក្រោយការកាត់ទោសលោកស្រី។ សូម្បីតែលោកស្រីកំពុងស្ថិតនៅទីណាក៏គ្មាននរណាដឹងច្បាស់ដែរ។

ការបន្ធូរបន្ថយទោសនេះធ្វើឡើងដោយប្រធានាធិបតីមីយ៉ាន់ម៉ា លោកមីនអុងឡាំង ដែលទើបតែទទួលការតែងតាំងកាលពីពេលថ្មីៗ។ នេះជាផ្នែកមួយនៃការបន្ធូរបន្ថយ និងលើកលែងទោសដែលផ្ដល់ដល់ទណ្ឌិត៤៣៣៥នាក់។ នេះជាការលើកលែងទោសលើកទី៣នៅក្នុងរយៈពេល៦ខែចុងក្រោយ។
នៅក្នុងចំណោមទណ្ឌិតដែលទទួលការលើកលែងទោសថ្ងៃនេះក៏មានលោកវីនម្យីន ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីពីឆ្នាំ២០១៨ទៅទល់នឹងថ្ងៃរដ្ឋប្រហារឆ្នាំ២០២១ផងដែរ។ លោកវីនម្យីន ជាអតីតប្រធានាធិបតីមីយ៉ាន់ម៉ាកាលពីជំនាន់លោកស្រីស៊ូជីនៅកាន់អំណាច ត្រូវបានផ្ដល់ការលើកលែងទោសទាំងស្រុង មានន័យថាមានសេរីភាពពេញលេញឡើងវិញ។

អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាសូមមិនធ្វើអត្ថាធិប្បាយទៅលើរឿងនេះទេនៅពេលអ្នកសារព័ត៌មានព្យាយាមសាកសួរ។ សូមរំលឹកថា រដ្ឋប្រហារផ្ដួលរំលំលោកវីនម្យីនក្នុងនាមជាប្រធានាធិបតី និងលោកស្រីស៊ូជីក្នុងនាមជាទីប្រឹក្សារដ្ឋកាលពីឆ្នាំ២០២១នោះ មេខ្លោងធំជាអ្នកបញ្ជាគឺលោកមីនអុងឡាំង។
កាលពីថ្ងៃទី៣ ខែមេសាកន្លងទៅនេះ លោកត្រូវបានរដ្ឋសភាបោះឆ្នោតតែងតាំងជាប្រធានាធិបតីនៅអាណត្តិថ្មី។ ជាទូទៅ ឱ្យតែដល់ថ្ងៃឯករាជ្យជាតិខែមករា និងបុណ្យចូលឆ្នាំថ្មីនាខែមេសា តែងតែមានការលើកលែងទោស ឬបន្ធូរបន្ថយទោសដល់ទណ្ឌិត។
