ខេត្តមណ្ឌលគិរី – តុលាការខេត្តមណ្ឌលគិរីបានសម្រេចចោទប្រកាន់មេខ្លោង៤នាក់ និងបក្ខពួកដែលគេចខ្លួនពីបទរៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ធំមួយ ក្រោយកម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាបនៅកណ្តាលក្រុងសែនមនោរម្យ។

យោងតាមអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ការចាប់ខ្លួនចាប់ផ្តើមឡើងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជាស្នើសុំអន្តរាគមន៍។ សមត្ថកិច្ចបានរកឃើញទីតាំងសង្ស័យនៅជាន់ទី១ និងទី២នៃអគារផ្សារទំនើបមណ្ឌលគិរី ក្នុងសង្កាត់ស្ពានមានជ័យ។

ក្នុងប្រតិបត្តិការ កម្លាំងចម្រុះបានរកឃើញជនបរទេសសរុប៣១០នាក់ (ស្រី៥២នាក់) ពី១០សញ្ជាតិផ្សេងគ្នា រួមមានចិន១៣៥នាក់ ថៃ៥៨នាក់ មីយ៉ាន់ម៉ា២២នាក់ ឥណ្ឌា៤០នាក់ នេប៉ាល់៣០នាក់ ប៉ាគីស្ថាន១៥នាក់ រ៉វ៉ាន់ដា៥នាក់ និងសញ្ជាតិផ្សេងទៀត។

សមត្ថកិច្ចបានដកហូតសម្ភារៈភស្តុតាងជាច្រើន រួមមានកុំព្យូទ័រលើតុ (All in one) ចំនួន៤២០គ្រឿង និងទូរស័ព្ទដៃចំនួន១,៤៥០គ្រឿង។ ក្រុមឧក្រិដ្ឋជនបានបែងចែកក្រុមការងារជាប្រព័ន្ធ ដោយមានគោលដៅឆបោកជនរងគ្រោះនៅក្រៅប្រទេស រួមមានការក្លែងបន្លំលក់ទំនិញទៅកាន់ថៃ និងការអូសទាញឱ្យវិនិយោគលើរូបិយបណ្ណឌីជីថល (Crypto) ទៅកាន់សហរដ្ឋអាមេរិក។

ជនសង្ស័យសំខាន់ៗចំនួន៤រូបដែលត្រូវបានឃាត់ខ្លួនរួមមាន៖
- CHEN BINGLIAN (ជនជាតិចិន) – អ្នកគ្រប់គ្រងទូទៅ
- CHENG WEN CHONG (ជនជាតិចិន) – អ្នកគ្រប់គ្រងបុគ្គលិកឥណ្ឌា និងប៉ាគីស្ថាន
- HSU DARLI (ជនជាតិមីយ៉ាន់ម៉ា) – អ្នកគ្រប់គ្រងជនជាតិមីយ៉ាន់ម៉ា
- SITTICHAI SAELEE (ជនជាតិថៃ) – អ្នកគ្រប់គ្រងជនជាតិថៃ

ជនសង្ស័យទាំង៤នាក់ត្រូវបានចោទប្រកាន់ពីបទ«ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»តាមមាត្រា៥នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ចំពោះជនសង្ស័យ៣នាក់ផ្សេងទៀត និងបក្ខពួកដែលកំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ«រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»តាមបញ្ញត្តិមាត្រា៦។

បច្ចុប្បន្ន សំណុំរឿងនេះកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលនៅសេសសល់មកផ្តន្ទាទោស។







