ខ្យល់កន្ត្រាក់វាយប្រហារខេត្តបាត់ដំបង ផ្ទះជាង៣០ខ្នងខូចខាតក្នុងមួយប៉ព្រិចភ្នែក

ខ្យល់កន្ត្រាក់វាយប្រហារខេត្តបាត់ដំបង ផ្ទះជាង៣០ខ្នងខូចខាតក្នុងមួយប៉ព្រិចភ្នែក

ខេត្តបាត់ដំបង៖ ខ្យល់កន្ត្រាក់ដ៏ខ្លាំងក្លាបានវាយប្រហារលំនៅឋានប្រជាពលរដ្ឋជាង៣០ខ្នងនៅក្នុងស្រុកចំនួន២ ក្នុងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៩ មេសា ប៉ុន្តែគ្មានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ខ្យល់កន្ត្រាក់ខេត្តបាត់ដំបង

របាយការណ៍បឋមរបស់សមត្ថកិច្ចបានឱ្យដឹងថា ក្នុងចំណោមស្រុកដែលមានភ្លៀងធ្លាក់និងរងខ្យល់កន្ត្រាក់ មានស្រុកចំនួន២ដែលខូចខាតធ្ងន់ធ្ងរគឺស្រុកថ្មគោល និងស្រុកបាណន់។

នៅស្រុកថ្មគោល ភ្លៀងដែលអមមកជាមួយខ្យល់កន្ត្រាក់មួយដង្ហើមចង្រិត បានប៉ះទង្កិចទៅលើឃុំអូរតាគី ធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង។

ផ្ទះខូចខាតដោយខ្យល់កន្ត្រាក់

ដោយឡែកនៅស្រុកបាណន់ ខ្យល់កន្ត្រាក់ដ៏គួរឱ្យខ្លាចបានវាយប្រហារត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ធ្វើឱ្យផ្ទះប្រជាពលរដ្ឋយ៉ាងតិចចំនួន២៧ខ្នងរងការខូចខាត។

ខ្យល់កន្ត្រាក់ដ៏កាចសាហាវនេះបានប៉ះទង្កិចទៅលើឃុំចំនួន៣ គឺឃុំបាយដំរាំ ឃុំភ្នំសំពៅ និងឃុំតាគ្រាម។ ក្នុងចំណោមឃុំទាំង៣ ប្រជាពលរដ្ឋនៅឃុំតាគ្រាមរងគ្រោះធ្ងន់ធ្ងរជាងគេ។

ការខូចខាតនៅស្រុកបាណន់

ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញភ្លៀងបានធ្លាក់ដែលលាយឡំមកជាមួយនូវខ្យល់កន្ត្រាក់ និងផ្គររន្ទះយ៉ាងខ្លាំងក្លា បានប៉ះទង្កិចទៅលើបណ្ដាស្រុកមួយចំនួននៅក្នុងខេត្តបាត់ដំបង។

អាកាសធាតុអាក្រក់ខេត្តបាត់ដំបង

តាមរយៈរបាយការណ៍បឋមរបស់សមត្ថកិច្ចជាបន្តបន្ទាប់ បានឱ្យដឹងថា មានលំនៅឋានរបស់ប្រជាពលរដ្ឋប្រមាណជិត២០០ខ្នងហើយ បានរងការខូចខាតដោយសារខ្យល់កន្ត្រាក់នាដើមរដូវវស្សានេះ។

ការជួយសង្គ្រោះប្រជាពលរដ្ឋ

ក្នុងនោះក៏មានសាលារៀនផង តែភាគច្រើនលំនៅឋានទាំងនោះខូចខាតដំបូល។ សមត្ថកិច្ចកំពុងតែវាយតម្លៃការខូចខាត និងរៀបចំជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

សមត្ថកិច្ចវាយតម្លៃការខូចខាត

អត្ថបទសរសេរដោយ៖ ឆោម ពិសម័យ
កែសម្រួលដោយ៖ ស្រីណា

administrator

Related Articles