ទីក្រុងប៉ោយប៉ែត – កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើប្រតិបត្តិការបង្ក្រាបអគារទីតាំងប្រព្រឹត្តបទល្មើស Online Scams ចំនួន២កន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ខ្លួនមនុស្សជាង៣០០នាក់ ដែលភាគច្រើនជាជនបរទេស។

ប្រតិបត្តិការនេះដែលធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅសង្កាត់អូរជ្រៅ ត្រូវបានដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានអះអាងថា ពួកគេត្រូវបានបង្ខំចិត្តផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីទប់ស្កាត់ការសម្រុករត់ចេញពីទីតាំងរបស់ក្រុមឧក្រិដ្ឋជន ដែលបានព្យាយាមរត់បុកចេញយ៉ាងប្រសេកប្រសាច។

ក្រៅពីការឃាត់ខ្លួនមនុស្សជាង៣០០នាក់ កម្លាំងជំនាញក៏បានរកហូតបានវត្ថុតាងបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀតផងដែរ។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ការបង្ក្រាបបទល្មើស Online Scams ត្រូវបានគេចាត់ទុកជាការចាំបាច់ ដោយសារបទល្មើសទាំងនេះកើតមានយ៉ាងដុះស្នឹមនៅក្នុងតំបន់នេះ។ ការសម្របសម្រួលរវាងកម្លាំងនគរបាល និងអយ្យការបានធានានូវប្រសិទ្ធភាពនៃប្រតិបត្តិការនេះ។
ដោយ ៖ សិលា
