នាវាផ្ទុកយន្តហោះគ្មានមនុស្សបើកដ៏ធំ Type-០៧៦ ថ្មីរបស់ចិន គឺនាវា Sichuan កំពុងធ្វើដំណើរទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីសាកល្បងប្រតិបត្តិការក្នុងសមុទ្រ នេះបើយោងតាមកាសែត South China Morning Post ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
ការដាក់ដំណើរការនេះធ្វើឡើងស្របពេលជាមួយនឹងសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា Balikatan នៅក្នុងសមុទ្រចិនខាងត្បូង ដោយមានការចូលរួមពីសហរដ្ឋអាមេរិក ជប៉ុន ហ្វីលីពីន និងសម្ព័ន្ធមិត្តដទៃទៀត។

កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានលើកឡើងថា នាវា Sichuan បានចាកចេញពីទីក្រុងសៀងហៃ ដើម្បីសាកល្បងប្រព័ន្ធ និងបច្ចេកវិទ្យាលើនាវាផ្ទាល់។ នាវានេះធ្លាប់បានបញ្ចប់ការសាកល្បងក្នុងសមុទ្រលើកដំបូងនៅខែវិច្ឆិកា ហើយត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនយានចុះចត កងទ័ព រថពាសដែក និងយន្តហោះ។
ទន្ទឹមនេះ កាសែត SCMP ដកស្រង់របាយការណ៍ក្រសួងការពារជាតិតៃវ៉ាន់ថា នាវាផ្ទុកយន្តហោះដំបូងរបស់ចិន Liaoning ក៏បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយដឹកយន្តហោះចម្បាំង J-១៥ ចំនួន ៨គ្រឿង និងឧទ្ធម្ភាគចក្រ ៣គ្រឿង ឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូងដូចគ្នា។
សមយុទ្ធឆ្នាំនេះមានកងទ័ពជិត ១៩,០០០ នាក់ចូលរួម ពីប្រទេសជប៉ុន អូស្ត្រាលី កាណាដា បារាំង និងនូវែលសេឡង់។ លោក Samuel Paparo ប្រធានបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកថ្លែងថា ការទប់ស្កាត់ចិននៅតែជាកាតព្វកិច្ចខ្ពស់បំផុតរបស់យោធាអាមេរិកក្នុងតំបន់។
