ឥណ្ឌូណេស៊ីហ៊ានសុបិនដកថ្លៃសេវាកប៉ាល់ពាណិជ្ជកម្មឆ្លងច្រកសមុទ្រ Malacca ស្របពេលសិង្ហបុរី-ម៉ាឡេស៊ីប្រកែកដាច់ខាត

ឥណ្ឌូណេស៊ីហ៊ានសុបិនដកថ្លៃសេវាកប៉ាល់ពាណិជ្ជកម្មឆ្លងច្រកសមុទ្រ Malacca ស្របពេលសិង្ហបុរី-ម៉ាឡេស៊ីប្រកែកដាច់ខាត

ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិប្រេងសាំងឡើងថ្លៃដោយសារសង្គ្រាមមជ្ឈិមបូព៌ា ស្ថានការណ៍កាន់តែរឹតតែតានតឹងឡើងវិញ ក្រោយឥណ្ឌូណេស៊ីលើកគំនិតដកថ្លៃសេវាពីកប៉ាល់ពាណិជ្ជកម្មទាំងឡាយដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Malacca។

ច្រកសមុទ្រ Malacca

តាមការផ្សាយរបស់ CNA គំនិតនេះត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក Purbaya Yudhi Sadewa ដោយលោកអះអាងថា វាជាផ្នែកមួយនៃគោលនយោបាយរបស់ប្រធានាធិបតី Prabowo Subianto ក្នុងការជំរុញឲ្យឥណ្ឌូណេស៊ីក្លាយជាតួអង្គសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក ជាជាងគ្រាន់តែជាប្រទេសនៅជាយដែនសេដ្ឋកិច្ច។

លោក Purbaya បានថ្លែងក្នុងសិក្ខាសាលាមួយនៅទីក្រុងហ្សាការតា កាលពីថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២៦ថា៖ «ស្របតាមអ្វីដែលលោកប្រធានាធិបតីណែនាំ ឥណ្ឌូណេស៊ីមិនមែនជាប្រទេសនៅជាយដែនឡើយ។ យើងស្ថិតនៅលើផ្លូវពាណិជ្ជកម្មនិងថាមពលសកលដ៏មានយុទ្ធសាស្ត្រ ប៉ុន្តែកប៉ាល់ទាំងឡាយបែរជាធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Malacca ដោយមិនត្រូវបានគិតថ្លៃសេវាទៅវិញ»។

ទន្ទឹមនោះ លោក Purbaya បានទទួលស្គាល់ថា ផែនការនេះបានទទួលការបំផុសគំនិតពីអ៊ីរ៉ង់ ដែលគ្រោងប្រមូលកម្រៃពីកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz។ លោកយល់ឃើញថា ប្រសិនបើអ៊ីរ៉ង់អាចធ្វើបាន ឥណ្ឌូណេស៊ីក៏គួរពិចារណាធ្វើដូចគ្នា ព្រោះច្រក Malacca ស្ថិតក្នុងចំណោមផ្លូវនាវាចរណ៍ដ៏មមាញឹកបំផុតក្នុងលោក។

យ៉ាងណា រដ្ឋមន្ត្រីរូបនេះក៏បានស្នើថា ឥណ្ឌូណេស៊ីគួរតែសហការជាមួយម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីបែងចែកចំណូលពីការប្រមូលកម្រៃនេះ។ ប៉ុន្តែប្រទេសទាំងពីរបានប្រកែកដាច់ខាត។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី Vivian Balakrishnan សង្កត់ធ្ងន់ថា សេរីភាពនៃការធ្វើនាវាចរណ៍តាមច្រក Malacca ត្រូវតែរក្សាឲ្យបានដាច់ខាតតាមច្បាប់អន្តរជាតិ UNCLOS ហើយសិង្ហបុរីនឹងមិនចូលរួមក្នុងកិច្ចប្រឹងប្រែងណាមួយដើម្បីដាក់កម្រិត ឬប្រមូលកម្រៃឡើយ។ ចំណែកម៉ាឡេស៊ីក៏បង្ហាញជំហរស្រដៀងគ្នា ដោយចង់ឲ្យច្រកសមុទ្រនេះនៅតែជាផ្លូវទឹកសេរី និងបើកចំហសម្រាប់ពាណិជ្ជកម្មពិភពលោក។

គួរបញ្ជាក់ថា ច្រកសមុទ្រ Malacca គឺជាផ្លូវទឹកដ៏សំខាន់បំផុតមួយក្នុងលោក តភ្ជាប់មហាសមុទ្រឥណ្ឌា ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។ ដោយមានប្រវែងប្រហែល ៨០០ គីឡូម៉ែត្រ ច្រកនេះជាសរសៃឈាមនៃពាណិជ្ជកម្មសកល ដែលជិត ៤០% នៃទំនិញជួញដូរលើពិភពលោក និងប្រហែល ២៥% នៃប្រេងដឹកតាមសមុទ្រ សុទ្ធតែឆ្លងកាត់ច្រកនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles