ប្រទេសចិន៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានជំរុញឱ្យប្រទេសថៃបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាត និងបង្ក្រាបបណ្តាញការបោកប្រាស់តាមអនឡាញ (Online Scams) នៅក្នុងប្រទេសខ្លួនឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងចិន និងថៃកាន់តែប្រសើរឡើង។

ការជំរុញនេះធ្វើឡើងក្នុងឱកាសដែលលោក វ៉ាង យី បានជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ ដូចដែលត្រូវបានប្រកាសដោយក្រសួងការបរទេសចិន។
ក្នុងជំនួបនោះ លោក វ៉ាង យី បានសម្តែងនូវសេចក្តីសង្ឃឹមថា ថៃគួរតែពង្រឹងវិធានការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន លុបបំបាត់ល្បែងស៊ីសង និងការក្លែងបន្លំតាមប្រព័ន្ធអេឡិចត្រូនិកទាំងស្រុង ព្រមទាំងពង្រឹងកិច្ចសហការពហុភាគីជាមួយប្រទេសជិតខាង។
លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ការបោសសម្អាតបណ្តាញបោកប្រាស់ទាំងនេះនឹងបង្កើតបរិយាកាសអំណោយផលដល់កិច្ចសហប្រតិបត្តិការវិស័យផ្សេងៗរវាងចិន និងថៃឱ្យកាន់តែស៊ីជម្រៅថែមទៀត។

គួរបញ្ជាក់ថា ការអំពាវនាវជាថ្មីរបស់ចិននេះ ធ្វើឡើងបន្ទាប់ពីមានករណីប្រជាជនចិនជាច្រើននាក់បានរងគ្រោះដោយសារការចាប់ជំរិត និងបាត់ខ្លួននៅក្នុងប្រទេសថៃ។ ករណីជាក់ស្តែងថ្មីៗនេះ និស្សិតស្រីម្នាក់មកពីខេត្តក្វាងទុង ត្រូវបានចាប់ជំរិតនៅប្រទេសថៃ ហើយត្រូវបានគេរត់ពន្ធទៅជួញដូរនៅប្រទេសមីយ៉ាន់ម៉ា ខណៈដែលនាងគ្រាន់តែទៅចូលរួមពិធីបុណ្យសង្ក្រាន្តនៅថៃប៉ុណ្ណោះ។
ប្រទេសថៃត្រូវបានគេទទួលស្គាល់ថាជាទីតាំងមជ្ឈមណ្ឌលនៃបណ្តាញបោកប្រាស់តាមអនឡាញដ៏ធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងជាចំណុចកណ្តាលសម្រាប់ចាត់ចែងបែងចែកបណ្តាញទាំងនេះទៅកាន់ប្រទេសជិតខាង ដោយមេឧក្រិដ្ឋជនធំៗភាគច្រើនបានជ្រកកោននៅក្នុងប្រទេសនេះផងដែរ។

ដោយ៖ តារា
