ខេត្តត្បូងឃ្មុំ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការដោះស្រាយបញ្ហាជនភៀសសឹក និងបញ្ហាប្រេងឥន្ធនៈ ដែលបានអនុវត្តយ៉ាងលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ ដោយបានលើកឡើងពីការវិវត្តន៍នៃសភាពការតំបន់ ក៏ដូចជាសភាពការណ៍នានានៅក្នុងប្រទេសកម្ពុជា។
លើបញ្ហាប្រេងឥន្ធនៈ សម្ដេចតេជោបានកត់សម្គាល់ថា រាជរដ្ឋាភិបាលបានប្រឹងប្រែងផ្គត់ផ្គង់ប្រេងដល់ប្រជាពលរដ្ឋ ដោយរហូតមកដល់ពេលនេះនៅតែមានប្រេងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការសំខាន់ៗ ដូចជាការមិនយកពន្ធគយ ការបញ្ចុះពន្ធអាករ និងពន្ធអាករពិសេស ដើម្បីរក្សាតម្លៃប្រេងមិនឱ្យហក់ឡើងខ្ពស់ពេក។

ក្រៅពីបញ្ហាប្រេងឥន្ធនៈ សម្ដេចតេជោក៏បានកត់សម្គាល់ពីសមត្ថភាពរបស់រាជរដ្ឋាភិបាល លើការដោះស្រាយបញ្ហាជនភៀសសឹកផងដែរ។ សម្ដេចតេជោបានមើលឃើញថា ចាប់តាំងពីពេលមានបញ្ហាព្រំដែនមក ទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងមន្ត្រីជាសេនាធិការ បានយកចិត្តទុកដាក់ខ្ពស់ និងចាត់ចែងបានល្អ ដូចជាការរៀបចំទីជម្រកបណ្ដោះអាសន្ន ការផ្គត់សម្ភារប្រើប្រាស់ ស្បៀងអាហារ ព្រមទាំងការសិក្សារបស់កូនចៅប្រជាពលរដ្ឋភៀសសឹក។

សម្ដេចតេជោក៏បានបង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាល ដែលបានរៀបចំសាងសង់ផ្ទះបណ្ដោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹករាប់ពាន់ខ្នងក្នុងរយៈពេលដ៏ខ្លី។ សម្ដេចតេជោបានគូសបញ្ជាក់ថា ការប្រឹងប្រែងទាំងនេះ ស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាការស្ដែងឱ្យឃើញនូវសមត្ថភាពក្នុងការដោះស្រាយបញ្ហាដែលកើតឡើងដោយឥតគ្រោងទុក។
ក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំសរុបជិត៩០០នាក់នេះ សម្ដេចតេជោបានបង្ហាញក្ដីរីករាយ និងបានកោតសរសើរចំពោះមន្ត្រីរាជការទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការរួមគ្នារក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងទប់ស្កាត់ទង្វើបង្កចលាចលនានាក្នុងសង្គម។

សម្ដេចតេជោបានណែនាំដល់មន្ត្រីរាជការ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងខេត្តត្បូងឃ្មុំ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសផ្ដល់សេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស ចៀសវាងបង្កបញ្ហានាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្ត។ សម្ដេចតេជោក៏បានរំលឹកឱ្យបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បង្ក្រាបបទល្មើស និងអំពើឆបោកតាមអនឡាញ (Scam Online) ព្រមទាំងជំរុញឱ្យចូលរួមថែរក្សាធនធានធម្មជាតិ និងដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់នៃខេត្តត្បូងឃ្មុំ ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបានការរីកចម្រើនជាបន្តបន្ទាប់៕
ដោយ៖ តារា
