អាមេរិកបន្ធូរទណ្ឌកម្ម អនុញ្ញាតឲ្យវ៉េណេស៊ុយអេឡាបង់ថ្លៃមេធាវីជូនប្រធានាធិបតីម៉ាឌូរ៉ូ

អាមេរិកបន្ធូរទណ្ឌកម្ម អនុញ្ញាតឲ្យវ៉េណេស៊ុយអេឡាបង់ថ្លៃមេធាវីជូនប្រធានាធិបតីម៉ាឌូរ៉ូ

ក្នុងវេនថ្មីនៃរឿងក្តីប្រវត្តិសាស្ត្រ ក្រសួងហិរញ្ញវត្ថុអាមេរិកបានសម្រេចកែសម្រួលទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលវ៉េណេស៊ុយអេឡាអាចចំណាយថវិកាបង់ថ្លៃសេវាមេធាវីជូនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា។

តាមការផ្សាយរបស់ New York Times កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ការសម្រេចចិត្តនេះត្រូវបានបង្ហាញតាមរយៈលិខិតរបស់រដ្ឋអាជ្ញាសហព័ន្ធផ្ញើទៅតុលាការក្រុងញូវយ៉ក កាលពីថ្ងៃទី២៤ ខែមេសា បន្ទាប់ពីអាមេរិកធ្លាប់ហាមឃាត់ការបង់ប្រាក់បែបនេះ ដោយសារបារម្ភថានឹងប៉ះពាល់ដល់ប្រសិទ្ធភាពនៃទណ្ឌកម្ម។

ដើមចមនៃរឿងនេះចាប់ផ្តើមពីដើមខែមករា ពេលកងកម្លាំងពិសេសអាមេរិកបានបើកប្រតិបត្តិការតាមអាកាសនៅទីក្រុងការ៉ាកាស ដើម្បីចាប់ខ្លួនលោកម៉ាឌូរ៉ូ និងភរិយាបញ្ជូនមកសហរដ្ឋអាមេរិកប្រឈមមុខការចោទប្រកាន់ពីបទល្មើសគ្រឿងញៀន។ ប្តីប្រពន្ធមេដឹកនាំរូបនេះត្រូវបានឃុំខ្លួននៅទីក្រុង Brooklyn ហើយតែងតែអះអាងពីភាពស្អាតស្អំរបស់ខ្លួន។ ក្នុងសវនាការកាលពីខែមីនា ពួកគេបានជម្រាបតុលាការថាគ្មានលទ្ធភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនជួលមេធាវីឡើយ ខណៈទណ្ឌកម្មរារាំងមិនឲ្យរដ្ឋាភិបាលវ៉េណេស៊ុយអេឡាជួយបង់ថ្លៃសេវាទាំងនេះ។

មេធាវីការពារក្តីបានតស៊ូមតិយ៉ាងខ្លាំង ដោយស្នើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ បើអាមេរិកនៅតែរារាំងការបង់ថ្លៃមេធាវី។ លោកបានលើកឡើងថាទង្វើរបស់រដ្ឋាភិបាលអាមេរិកគឺរំលោភរដ្ឋធម្មនុញ្ញ ដែលផ្តល់សិទ្ធិឲ្យជនជាប់ចោទគ្រប់រូបជ្រើសរើសមេធាវីការពារក្តី។ បញ្ហានេះធ្វើឲ្យចៅក្រមសហព័ន្ធ Alvin Hellerstein បង្ហាញជំហរទន់ភ្លន់ ដោយយល់ឃើញថាសិទ្ធិមានមេធាវីគឺសំខាន់បំផុត ហើយពេលជនជាប់ចោទស្ថិតក្នុងដៃតុលាការអាមេរិកហើយ ពួកគេលែងជាការគំរាមកំហែងដល់សន្តិសុខជាតិទៀត។

ទោះខាងតំណាងអយ្យការធ្លាប់បានជែកវែកញែកថា ការដាក់ទណ្ឌកម្មជាបញ្ហានយោបាយក្រៅប្រទេស និងសន្តិសុខជាតិដែលតុលាការមិនគួរលូកដៃក៏ដោយ ក៏ចុងក្រោយអាមេរិកសម្រេចបន្ធូរបន្ថយ ដើម្បីឲ្យដំណើរការក្តីអាចទៅមុខរួច។ ការសម្រេចនេះឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃទំនាក់ទំនងរវាងវ៉ាស៊ីនតោន និងការ៉ាកាស បន្ទាប់ពីការចាប់ខ្លួនលោកម៉ាឌូរ៉ូ។ ឥឡូវនេះ លោកម៉ាឌូរ៉ូ និងភរិយានឹងអាចបន្តតតាំងតាមផ្លូវច្បាប់ដោយមានមេធាវីពេញសិទ្ធិ ខណៈពិភពលោកកំពុងតាមដានលទ្ធផលនៃរឿងក្តីប្រវត្តិសាស្ត្រនេះ៕

administrator

Related Articles