កម្ពុជា៖ ការដកខ្លួនពី MOU-2001 របស់ថៃ បង្ហាញពីការងាកចេញពីស្មារតីសហប្រតិបត្តិការ

កម្ពុជា៖ ការដកខ្លួនពី MOU-2001 របស់ថៃ បង្ហាញពីការងាកចេញពីស្មារតីសហប្រតិបត្តិការ

រាជធានីភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ហៅការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU-2001) ថាជាជំហានងាកចេញពីស្មារតីសហប្រតិបត្តិការដែលជាមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងនេះ។

រូបភាពទី១

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់ថា MOU-2001 បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ក្នុងការរៀបចំក្របខណ្ឌសម្រាប់ទាញយកផលប្រយោជន៍រួមពីធនធាននៅតំបន់ដែនសមុទ្រត្រួតគ្នា (OCA) និងជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិ។

លោកបានបន្តថា ការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 គឺជាជំហានងាកចេញពីស្មារតីសហប្រតិបត្តិការ ប៉ុន្តែកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះដដែល។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា វាជារឿងគួរឱ្យសោកស្តាយ ប្រសិនបើថៃសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលតំណាងឱ្យសុឆន្ទៈរបស់ប្រទេសទាំងពីរក្នុងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនសមុទ្រប្រកបដោយមិត្តភាព និងវិបុលភាពរួម។ កម្ពុជានៅតែប្តេជ្ញាចិត្តឥតងាករេចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនេះសម្រេចបានកាលពីឆ្នាំ២០០១។

administrator

Related Articles