ធ្លាប់តែជាសម្ព័ន្ធមិត្តនឹងគ្នា ពេលនេះរដ្ឋាភិបាលទីក្រុងបាងកកបានរិះគន់អាមេរិកចំៗ ដោយរដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow បន្ទោសថា ដោយសារសង្គ្រាមអ៊ីរ៉ង់ ទីក្រុងវ៉ាស៊ីនតោនបែរជាមិនព្រមមកជួយថៃដោះស្រាយវិបត្តិសេដ្ឋកិច្ចសោះ។

ក្នុងបទសម្ភាសជាមួយកាសែត Washington Post ផ្សាយនៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ លោក Sihasak ហ៊ាននិយាយដោយមិនញញើតថា ថៃអត់បានទទួលជំនួយអ្វីទាំងអស់ពីអាមេរិក ដើម្បីយកមកដោះស្រាយបញ្ហាសេដ្ឋកិច្ចដ៏យ៉ាប់យ៉ឺន ដែលជះឥទ្ធិពលអាក្រក់ពីសង្គ្រាមអ៊ីរ៉ង់។
ដ្បិតតែគ្មានការអះអាងថា ឥរិយាបទរបស់ថៃនាពេលនេះ គឺជាការចង់ដកខ្លួននិងផ្តាច់សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកក៏ដោយ តែគេមើលឃើញថា មួយរយៈចុងក្រោយនេះ ថៃពិតជាកំពុងព្យាយាមខ្លាំងណាស់ ដើម្បីចាប់ដៃគូថ្មីជាមួយចិននិងរុស្ស៊ី។
ជាក់ស្តែង សម្តីរបស់លោក Sihasak កើតឡើងបន្ទាប់ពីប្រមុខការទូតចិនបំពេញទស្សនកិច្ចនៅប្រទេសថៃ ដោយពិភាក្សាគ្នាលើបញ្ហាមួយចំនួន ជាពិសេសភាគីចិនដាក់សម្ពាធខ្លាំងឲ្យថៃបង្ក្រាបក្រុម Scam។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន Wang Yi, លោក Sihasak ក៏វាយប្រហារខ្លាំងៗទៅលោក ដូណាល់ ត្រាំ ផងដែរ ដោយស្តីឲ្យថា ទីក្រុងបាងកកមិនចង់បន្ទោសទីក្រុងវ៉ាស៊ីនតោនចំៗទេ តែខ្លួនយល់ថា ជម្លោះនៅមជ្ឈិមបូព៌ាពិតជាគួរបណ្តោយឲ្យកើតឡើងបានទាល់តែសោះ។
សូមជម្រាបថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៨៣៣ ថៃដែលកាលនោះហៅថាសៀម បានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងពាណិជ្ជកម្មជាមួយអាមេរិក ខណៈព្រឹត្តិការណ៍នោះធ្វើឲ្យថៃក្លាយជាប្រទេសដំបូងគេនៅអាស៊ី ដែលមានកិច្ចព្រមព្រៀងផ្លូវការជាមួយសហរដ្ឋអាមេរិក។
ក្រោយមក ក្នុងឆ្នាំ១៩៥៤ ថៃនិងអាមេរិកបានក្លាយជាសម្ព័ន្ធមិត្តយោធាយ៉ាងពិតប្រាកដ តាមរយៈកតិកាសញ្ញាម៉ានីល ដែលបានបង្កើតអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ (SEATO) ដើម្បីទប់ទល់នឹងការរីករាលដាលនៃលទ្ធិកុម្មុយនីស្តក្នុងសម័យសង្គ្រាមត្រជាក់៕
អត្ថបទ៖ សុខ សុវណ្ណ
